(ព្រះសីហនុ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង បានឃាត់ខ្លួនក្រុមចោរ៣នាក់ ដែលកំពុងលួចហ្រ្វង់ស្វ័រអគ្គីសនីរបស់រដ្ឋ នាវេលាម៉ោង ០១.១០នាទី រំលងអាធ្រាត្រ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន៖
*ទី១៖ ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ សុខ ចាន់ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
របាយការណ៍ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ បានធ្វើសកម្មភាពលួចកាត់យកដុំហ្រ្វង់ស្វ័រអគ្គីសនី ពីបង្គោលភ្លើងអគ្គីសនីដែលជារបស់រដ្ឋ។
វត្ថុតាងដកហូតរួមមាន៖ ពូថៅដងឈើចំនួន០១ដើម, កាំបិតប័ុងតោចំនួន ០១ដើម, សោម៉ាឡេតចំនួន ០២, ឧបករណ៍ទំពួកសម្រាប់ផ្ដាច់ខ្សែរភ្លើងចំនួន ០១ដើម, ទុយយ៉ូរជ័រពណ៌ខៀវចំនួន ០១ដើម, ម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌គ្មានផ្លាកលេខ (ស៊េរីចាស់) ចំនួន០១គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើស, ទូរស័ព្ទម៉ាក់វីវ៉ូ ពណ៌ខៀវចំនួន ០១គ្រឿង, គ្រឿងអគ្គីសេនី (ហ្រ្វង់ស្វ័រ) មួយចំនួនធំ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕