(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃកម្ពុជាផងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅគណបក្សនយោបាយ នៅកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិល កុំឲ្យភ្ជាប់ខ្លួនជាមួយបុគ្គល ដែលប្រព្រឹត្តខុសច្បាប់។
ក្នុងអង្គមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ឌឺដង និងផ្លែផ្កាឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជាទៀតហើយថា កំពុងយករឿង ដែលធ្វើ ខុសនិងច្បាប់ទៅធ្វើជារឿងនយោបាយ។ បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបញ្ចេញចំឈ្មោះយ៉ាងណាក្តី តែគេអាចដឹងបានមេបក្សនយោនៅកម្ពុជា ដែលកំពុងមានក្តីក្តាំនៅក្នុងប្រព័ន្ធតុលាការ គឺមានលោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ។
ទន្ទឹមនិងការនិយាយផ្លែផ្កាឲ្យមេដឹកនាំបក្សប្រឆាំងហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅឲ្យគណបក្សនយោបាយ ក៏ដូចជា អង្គការសង្គមស៊ីវិលផងដែរ កុំឲ្យភ្ជាប់ខ្លួនទៅនឹងបុគ្គល ដែលប្រព្រឹត្តខុសច្បាប់។
ប្រមុខដឹកនាំកំពូលគណបក្សកាន់អំណាច សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «នៅកម្ពុជាពុំមានវិបត្តិអ្វីឡើយ ឯការខិតខំប្រកូកប្រកាសរបស់មនុស្សខ្លះថា កម្ពុជាកំពុងមានវិបត្តិ ឬ កម្ដៅនយោបាយនោះ គឺក្នុងឧបាយកលទុច្ចរិត ប៉ុនប៉ងបំភាន់សាធារណមតិប៉ុណ្ណោះ ធាតុពិតជាវិបត្តិផ្ទាល់ខ្លួន របស់មនុស្សមួយចំនួនតូច ដែលបានប្រព្រឹត្តខុស បំពានលើច្បាប់ ហើយត្រូវចោទប្រកាន់តាមផ្លូវតុលាការ គឺមិនមែនជាបញ្ហានយោបាយនោះទេ។ ដូច្នេះគណបក្សក៏ដូចជាអង្គការ សង្គមមួយចំនួន មិនគប្បីភ្ជាប់ខ្លួនជាមួយបុគ្គល ដែលបានប្រព្រឹត្តខុសច្បាប់ទាំងនោះឡើយ»។
សូមបញ្ជាក់ថា ព្រោះតែរឿងអាស្រូវស្នេហ៍លួចលក្ខណ៍ មានស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា ជាមួយកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ បានធ្វើឲ្យមន្ត្រីការពារ សិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ១រូបផងដែរ ត្រូវបានជាប់ ក្រោមបទចោទប្រកាន់ថា សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី មិនឲ្យនិយាយការពិត៕