(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំបន្តទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តបនឹងសំណើរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាបណ្តុំគ្រឹះស្ថានឧត្តម សិក្សានៅកម្ពុជា ដែលបានចងក្រងគ្នាធ្វើសកម្មភាពក្នុងការលើកកម្ពស់ គុណភាពអប់រំសិក្សារបស់សិស្ស និស្សិត និងពង្រឹងគុណភាពបង្រៀន គ្រប់កម្រិត និងនិរន្តរភាពស្ថាប័ន។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អាស្រ័យហេតុនេះហើយ សម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកគ្រឹះស្ថាន ឧត្តមសិក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារអប់រំរៀង រាល់មួយឆ្នាំម្តង។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានប្រាប់ Fresh News ថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អញ្ជើញចូលជួបសម្តេចតេជោ នាព្រឹកមិញនេះ មានចំនួនសរុប ១៣៨នាក់ មកពីគ្រឹះស្ថានសិក្សា សរុបប្រមាណ ១២៣គ្រឹះស្ថាន ក្នុងគ្រឹះស្ថានឧត្តម សិក្សាចំនួន៤០ និងគ្រឹះស្ថានអប់រំចំណេះទូទៅចំនួន៨៣។

បើយោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាអនឡាញកំលុងពេល កម្ពុជាជួបការរាតត្បាតជំងឺកូវីដ១៩។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាពិសេសក្នុងពេលកម្ពុជាជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នានា។ សម្តេចតេជោ ចាត់ទុកសកម្មភាពមនុស្សធម៌ទាំងនោះ ជាការចូលរួមជួយគ្នា ដើម្បីការរីកលូតលាស់នៅក្នុងសង្គមកម្ពុជាបន្តទៅមុខទៀត។

បើតាមលោក ហេង វ៉ាន់ដា ក្នុងជំនួបនេះ សម្តេចតេជោ បានលើកឡើងជាច្រើនពាក់ព័ន្ធការអប់រំ ជាពិសេសការលើកកម្ពស់ គុណភាពអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់គ្រឹះស្ថានអប់រំឯកជននោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល ៥ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

តែទោះជាយ៉ាងណាតម្រូវឱ្យបង់ពន្ធចំនួន៤មុខ រួមមាន៖ ពន្ធលើប្រាក់បៀវត្សរ៍, ពន្ធកាត់ទុកលើការជួលទីតាំង, ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។ នេះបើតាមការបញ្ជាក់របស់លោក ហេង វ៉ាន់ដា។

តំណាងឱ្យថ្នាក់ដឹកនាំ សមាជិក និងសមាជិកាសមាគម លោក ហេង វ៉ាន់ដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកលែងពន្ធរយៈពេល៥ឆ្នាំទៀត។ បើតាមលោក ហេង វ៉ាន់ដា ការអនុគ្រោះបានធ្វើឡើងតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។

លោក ហេង វ៉ាន់ដា ដែលជានាយកវិទ្យាស្ថានវ៉ាន់ដាដែរនោះ បានគូសបញ្ជាក់ថា ការអនុគ្រោះពន្ធនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យគ្រឹះស្ថានអប់រំឯកជន អាចពង្រឹងខ្លួនឯងឱ្យធ្វើសកម្មភាពបានរឹងមាំ និងធ្វើឱ្យគុណភាពអប់រំកាន់តែល្អប្រសើរ៕