(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ចាន់ សាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំស្រក និងឃុំអូរស្វាយ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ជិត១២គីឡូម៉ែត្រ ពីឃុំអូរស្វាយ ដល់ឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អភិបាលស្រុកកំពង់សៀម លោក ប៊ិន ឡាដា បានឲ្យដឹងថា ស្រុកកំពង់សៀម ទទួលបានផ្លូវក្រាលកៅស៊ូប្រវែងសរុប ១១,៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំអូរស្វាយមានប្រវែង ៦,០០០ម៉ែត្រ កាត់ចំនួន ៣ភូមិ គឺភូមិអន្លង់ស្នូក ភូមិអូរស្វាយ និងភូមិត្រពាំងកក់ ដែលមានប្រជាពលរដ្ឋ ៤,២៣៩នាក់ ស្មើ ៩៥១គ្រួសារ និងឃុំស្រក មានប្រវែង ៥,៦០០ម៉ែត្រកាត់ចំនួន ២ភូមិ គឺភូមិព្រៃគុយ និងភូមិល្ពាក មានប្រជាពល ៤,២៥៧ នាក់ ស្មើ ៩៩៧គ្រួសារ និងផ្លូវបេតុងអាមេចូលសាលាបឋមសិក្សាអន្លង់ស្នូកប្រវែង ២២៤ម៉ែត្រ ទទឹង ៥ម៉ែត្រ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម បានខិតខំអភិវឌ្ឍន៍ឲ្យមានការស្ថាបនាផ្លូវដូចខាងលើ គឺក្នុងគោលបំណង ធ្វើឲ្យប្រជាពលរដ្ឋ មានលក្ខណៈប្រសើរឡើង ដល់ការធ្វើដំណើររស់នៅងាយស្រួល ដូចជាការធ្វើដំណើរទៅកាន់ទីផ្សារ និងសហគមន៍កសិកម្ម និងងាយស្វែងរកការងារធ្វើ ការទទួលបានសេវាសង្គមជាដើម ដែលផ្តោតទៅលើសុវត្តិភាព ភាពធន់ ប្រសិទ្ធិភាពលើការចំណាយរបស់ប្រពលរដ្ឋ ក្នុងការធ្វើដំណើរលើបណ្តាញផ្លូវជនបទ អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់រដូវកាល ពិសេសក្នុងតំបន់ដែលមានសក្តានុពល លើវិស័យកសិកម្មខ្ពស់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍ ហើយផ្លូវនេះអាចនិយាយបានថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែម្ដង ដូច្នេះ ប្រសិនបើការសាងសង់ មានផលប៉ះពាល់ខ្លះៗ ប្រជាពលរដ្ឋគួរយោគយល់ ដល់ក្រុមការងារបច្ចេកទេស ដើម្បីធ្វើយ៉ាងណា ឲ្យផ្លូវមានភាពស្អាតនិងធំទូលាយ។ ម្យ៉ាងទៀតបន្ទាប់ពីផ្លូវនេះបានសាងសង់រួចរាល់ជាស្ថាពរ លោកស្នើប្រជាពលរដ្ឋជួយថែរក្សា សម្រាប់ការប្រើប្រាស់បានយូរអង្វែងផងដែរ៕