(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា CPP បានចាត់ទុកថា ការអូសទាញប្រទេសជាសមាជិកអាស៊ាន ឱ្យចេញសេចក្តីថ្លែងការណ៍ណាមួយ អំពីបញ្ហាសមុទ្រចិនខាងត្បូង គឺជាការឃុបឃិតនយោបាយក៏អាក្រក់បំផុត ដែលលទ្ធផលរបស់វា នឹងនាំឱ្យមានការបែកបាក់នៅក្នុងអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហររបស់គណបក្សប្រជាជនកម្ពុជា ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ជាថ្មីម្តងទៀត នៅក្នុងពិធីរំលឹកខួប៦៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សនេះ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
សម្តេចបានលើកឡើងថា «គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនគាំទ្រ ថែមទាំងប្រឆាំងទៅនឹងការចេញសេចក្តីថ្លែងការណ៍ណាមួយ របស់អាស៊ានគាំទ្រ ដល់សាលដីកាតុលាការ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ដែលប្រទេសនៅក្រៅតំបន់ខ្លះបានធ្វើសកម្មភាពអូសទាញ និងកៀបសង្កត់ឱ្យសមាជិកអាស៊ានគាំទ្រ មុនពេលដែលមិនទាន់ដឹងថា តុលាការចេញសាលដីកាបែបណាផងនោះ។ គណបក្សប្រជាជនកម្ពុជា មើលឃើញនូវចំណុចនេះ ហើយចាត់ទុកថា នេះជាការឃុបឃិតនយោបាយដ៏អាក្រក់បំផុត ក្នុងក្របខណ្ឌនៃនយោបាយអន្តរជាតិដែលលទ្ធផលរបស់វា នឹងនាំមកនូវការបែកបាក់ រវាងអាស៊ានគ្នាឯងផង និងរវាងអាស៊ាន និងចិន។... ការខិតខំរបស់ប្រទេសនៅក្រៅតំបន់ខ្លះ ដើម្បីប្រមូលកម្លាំងប្រឆាំងចិន វានឹងផ្តល់ផលអវិជ្ជមានសម្រាប់អាស៊ាន និងផ្តល់ផលអាក្រក់សម្រាប់សន្តិភាព នៅក្នុងតំបន់នេះ»។
ជាមួយគ្នានេះ សម្តេចក៏បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហារវាងប្រទេសពាក់ព័ន្ធជាមួយគ្នា លើបញ្ហាអធិបតេយ្យហើយមិនមែនជាបញ្ហា រវាងអាស៊ាន និងចិននោះទេ។ សម្តេចបានអំពាវនាវឱ្យប្រទេសដែលមានការពាក់ព័ន្ធ ដោះស្រាយជាមួយគ្នាដោយសន្តិវិធី៕