(ភ្នំពេញ)៖ ផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកដំណើរការប្រលងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសមណសិស្ស ១១៩០អង្គ។
សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោក សេង សុមុនី រដ្ឋលេខាធិការ តំណាងលោក ឈិត សុខុម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញអធិបតី ក្នុងកម្មវិធីបើកដំណើរការប្រលង។
លោកស្រី សយ សំអុល ប្រធានការិយាល័យពុទ្ធិកមធ្យមសិក្សាបឋមភូមិ បានឲ្យដឹងថា ការប្រលងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២៣ មានសមណសិស្ស ១១៩០អង្គ ចែកជា ៤៨បន្ទប់ និងមាន ៣មណ្ឌលប្រលង រួមមាន៖
* ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានសមណសិស្ស ៥៤១អង្គ ចែកជា ២២បន្ទប់
* ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង មានសមណសិស្ស ៣៧២អង្គ ចែកជា ១៥បន្ទប់
* ពុទ្ធិកវិទ្យាល័យ សម្តេច ជួន ណាត ខេត្តកំពង់ចាម មានសមណសិស្ស ២៧៧អង្គ ចែកជា ១១បន្ទប់។
បើតាមលោកស្រីប្រធាន ការប្រលងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២២ មានសមណសិស្សត្រឹមតែ ១១៦៩អង្គ ប៉ុន្តែចែកជា ៤៩បន្ទប់ និងមាន ៣មណ្ឌលប្រលងដដែល រួមមាន៖
* ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានសមណសិស្ស ៦២៣អង្គ ចែកជា ២៦បន្ទប់
* ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង មានសមណសិស្ស ៣១៤អង្គ ចែកជា ១៣បន្ទប់
* ពុទ្ធិកវិទ្យាល័យ សម្តេច ជួន ណាត ខេត្តកំពង់ចាម មានសមណសិស្ស ២៣២អង្គ ចែកជា ១០បន្ទប់៕