(ភ្នំពេញ)៖ អំណោយជាអង្កររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣០០តោន ត្រូវបាននាំយកមកប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ។

ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង និងលោក ផាន់ ចាន់ធុល តំណាងអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអ្នកឧកកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ដែលបាននាំយកអង្ករចំនួន៣០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។

លោកចាត់ទុកថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានភ្នំពេញ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងរាជធានីភ្នំពេញផងដែរ៕