(ភ្នំពេញ)៖ ស្រ្តីសម្រាលកូនម្នាក់បានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ចោលកូនតូចៗ៣នាក់ ឲ្យនៅកំព្រា និងប្តីក្លាយជាបុរសពោះម៉ាយ ដោយសារតែការវះកាត់ មានការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ នៅគ្លិនិក វឌ្ឍន: ឫ មន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍន: ដែលមានទីតាំងស្ថិតនៅតាមផ្លូវទំនប់ទួលគោក៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
សាច់ញាតិស្រ្តីរងគ្រោះ ដែលកំពុងចូលរួមបុណ្យសព ស្ថិតនៅវត្តស្រះចក បានប្រាប់ភ្នាក់ងារ Fresh News ថា ស្រ្តីរងគ្រោះមានឈ្មោះ សៀក សីុណេត អាយុ៤២ឆ្នាំ ហើយនេះជាការសម្រាលកូនលើកទី៣ហើយ។
សាច់ញាតិរូបនេះ បានឲ្យដឹងទាំងទឹកភ្នែកថា ក្រោយឈឺពោះឆ្លងទន្លេ បងប្អូន និងប្តី បានបញ្ជូនទៅកាន់គ្លិនិកខាងលើ ពីព្រោះកាលកូនទី១ និងកូនទី២ ក៏បានទៅវះកាត់ជាមួយគ្រូពេទ្យ (Doctor នៅមន្ទីរពេទ្យជប៉ុន) ប៉ុន្តែក្រោយពេលវះយកកូនចេញរួច ក៏ដេរភ្ជាប់វិញ ជាធម្មតា។
ក្រោយពីបានប៉ុន្មានម៉ោងក្រោយមក ដោយសារតែការលាងសំអាតមិនល្អ បានបណ្តាលស្រ្តីរងគ្រោះ ឈឺពោះសារជាថ្មី (សង្ស័យមានឈាមកកនៅក្នុងស្បូន) ក៏បានទៅឲ្យគ្រូពេទ្យ ធ្វើការវះម្តងទៀត ប៉ុន្តែលើកនេះ ដូចបានបញ្ជូនស្រ្តីរងគ្រោះ ទៅកាន់ភពផ្សេងតែម្តង។
តាមសេចក្តីរាយការណ៍ពីមន្រ្តីក្រសួងសុខាភិបាលម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលួចទម្លាយថា ម្ចាស់គ្លិនិកខាងលើ គឺជាអនុប្រធានមន្ទីរពេទ្យគាំពារ ទារក និងមាតា ឫហៅថា មន្ទីរពេទ្យជប៉ុន ដែលមានឈ្មោះ កែវ មួយស្រូយ ភេទប្រុស។
យ៉ាងណាក៏ដោយ អង្គភាព Fresh News នៅមិនទាន់អាចស្វែងរកការបកស្រាយ និងបំភ្លឺពីម្ចាស់គ្លិនិក បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
ប៉ុន្តែនៅពេលក្រុមអ្នកកាសែត ចុះទៅសួរនាំដល់គ្លិនិកនោះ ស្រាប់តែបុគ្គលិក និងគ្រូពេទ្យនៅគ្លិនិកមួយនេះ បានឆ្លើយថា រឿងនេះខាងម្ចាស់របស់ពួកគេ បានសងសំណង ទៅដល់ក្រុមគ្រួសារជនរងគ្រោះរួចហើយ ដូច្នេះកុំបាច់យកទៅចុះផ្សាយអី។
សាច់ញាតិជនរងគ្រោះ សូមអំពាវនាវដល់មន្រ្តីក្រសួងសុខាភិបាល ចុះទៅពិនិត្យមើល និងស្រាវជ្រាវករណីនេះ នៅគ្លិនិកខាងលើផង ដើម្បីកុំឲ្យកើតមានឡើងទៅលើស្រ្តីរងគ្រោះ លើកក្រោយទៀត៕