(កំពង់ធំ)៖ ពិធីបុណ្យទន្លេលើកទី៧ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម។

គួរជម្រាបថា ពីធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧នេះគឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

លោកបានរំលឹកថា នៅកម្ពុជាមានខេត្តជាច្រើនដែលមានទីក្រុងជាប់ដងទន្លេ និងសម្បូរដោយសក្តានុពលទេសចរណ៍វប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលគ្រប់គ្រងដោយប្រជាសហគមន៍។

លោកថ្លែងថា «យើងចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ប្រជាជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យយលដឹងពីចំណុចទាំងអស់នេះ»

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖ ១. សម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ ២. មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ ៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិនិងអន្តរជាតិ។ល។

ទន្ទឹមនឹងនោះ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ខេត្តកំពង់ធំធ្លាប់មានប្រវត្តិសាស្ត្រជារាជធានីបុរាណនាសម័យចេនឡា ហៅថា «ឦសានបុរៈ» និងបានបន្សល់នូវតំបន់បេតិកភណ្ឌដ៏ធំមួយមកដល់ពេលបច្ចុប្បន្ន នោះគឺតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោករដ្ឋលេខាធិការបានបន្តថា គោលដៅទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ក៏ដូចជាខេត្តកំពង់ធំនេះទៀតសោត ក៏តភ្ជាប់ខ្សែទស្សនកិច្ចជាមួយគោលដៅទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប ​និងតំបន់ប្រាសាទព្រះវិហារខេត្តព្រះវិហារ។ ប្រសិនបើភ្ញៀវទេសចរមកពីខេត្តទាំងពីរនេះវិញ ខេត្តកំពង់ធំក៏ជាគោលដៅតភ្ជាប់ខ្សែទស្សនកិច្ចទៅកាន់រាជធានីភ្នំពេញ។

លោក ទិត ចន្ថា បានបន្តទៀតថា នៅមុនពិធីបុណ្យនិងក្នុងពិធីបុណ្យក៏នឹងមានសិក្ខាសាលាអប់រំបណ្ដុះបណ្ដាលអំពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អនាម័យ ភាពស្អាត ការគ្រប់តម្លៃសេវាកម្មទេសចរណ៍ទៅដល់ម្ចាស់មូលដ្ឋានអាជីវកម្ម ប្រតិបត្តិការទេសចរណ៍ សិស្ស-និស្សិតនៅក្នុងខេត្តផងដែរ។​ ក្រៅពីនោះក៏មានការអប់រំអំពីការលើកកម្ពស់វិស័យបរិស្ថាន ធម្មជាតិ វប្បធម៌ សហគមន៍អេកូទេសចរណ៍។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានលើកឡើងថា ឆ្លៀតឱកាសបុណ្យទន្លេនេះក៏នឹងមានការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ព្រមទាំងខ្លឹមសារនៃដំណើរឈានឆ្ពោះទៅស៉ីហ្គេមដល់ប្រជាជននៅក្នុងខេត្តកំពង់ធំផងដែរ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមជាមួយនឹងរបាយការណ៍ត្រៀមរៀបចំហេដ្ឋារចនាសម្ពន្ធនានាក្នុងក្រុង និងតាមដងស្ទឹង ក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងការសម្អាត អនាម័យ បរិស្ថានតាមផ្ទះសម្បែង ភូមិដ្ឋាននានា ការតុបតែងលម្អតាមគ្រប់គ្រឹះស្ថាន ស្ថានសាធារណៈ និងឯកជន សកម្មភាពកីឡាឱ្យបានច្រើន និងបានចាត់ឱ្យមន្ទីរអប់រំខេត្តសហការរៀបចំក្រុមប្រកួតកីឡា ដើម្បីជំរុញសកម្មភាពឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលខាងមុខនោះ៕