(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

សន្និបាតនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅសណ្ឋាគារ សុខាភ្នំពេញ វិថីកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អង្គសន្និបាត នឹងមានវេទិកាបញ្ចេញមតិ ផ្ដល់បទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានចូលរួម ដើម្បីធ្វើការត្រួតពិនិត្យ ពិភាក្សាវាយតម្លៃ លើរបាយការណ៍បូកសរុបលទ្ធផលការងារ កាលពីឆ្នាំ២០២២កន្លងទៅ ដោយផ្ដោតលើចំណុចគន្លឹះចំនួន៥ ជាសំខាន់រួមមាន៖

១៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់។
២៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ។
៣៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងទទួលពាក្យបណ្ដឹង ដោះស្រាយពាក្យបណ្ដឹង។
៤៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។
៥៖ ជំរុញសកម្មភាព អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។

បន្ទាប់ពីបានស្វែងរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយរួចមក អង្គសន្និបាត នឹងដាក់ចេញជាទិសដៅភារកិច្ចថ្មី វិធានការថ្មី ដើម្បីអនុវត្តក្នុងឆ្នាំ២០២៣ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែលឿនជាងឆ្នាំកន្លងទៅ ជូនរាជរដ្ឋាភិបាល និងបំរើប្រជាជន ពិសេសលើការងារទំនាក់ទំនង សម្របសម្រួលជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច និង ការដោះស្រាយបណ្តឹងនានា ដែលជាគោលដៅក្នុងការពង្រឹងអភិបាលកិច្ចល្អ ជាឧត្តមប្រយោជន៍ របស់សង្គមជាតិទាំងមូល៕