(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឱ្យថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ចំនួន ១១ចំណុច ដើម្បីចូលរួមលើកកម្ពស់ជូនដល់ស្ថាប័នអាជ្ញាធរមីន និងឈានទៅសម្រេចគោលដៅតាមការគ្រោងទុក។

ការណែនាំបែបនេះ របស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វឡើងនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអញ្ជើញបិទសិក្ខាសាលា ស្តីពី Organizational and Personal Branding in Digital Age ក្រោមការសម្របសម្រួលពីវគ្មិនមកពីក្រុមហ៊ុន FWD និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន នៅសណ្ឋាគារសុខាភ្នំពេញ។

គុណធម៌ទាំង១១ចំណុច ដែលនទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំរួមមានទី១៖ សុជីវធម៌ ចេះគួរសម រាបសា មានរបៀបរបប ២៖ ភាពសុភាពរាបសារ ៣៖ ភាពក្លាហាន ៤៖ ការចេះអភ័យទោស ការអន់អោន ៥៖ សុចរិតភាព សេចក្តីសុចរិត ៦៖ យល់ព្រមព្រៀងចិត្តគ្នា ការយោគយល់ ៧៖ ភាពស្មោះត្រង់ ៨៖ ការប្តេជ្ញាចិត្ត ៩៖ មានវិន័យ ១០៖ ការអត់ធ្មត់ និង១១៖ ការងារ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា យើងទាំងអស់គ្នាដែលជាអ្នកបម្រើការងារក្នុងសកម្មភាពមីនមនុស្សធម៌ គឺជាអ្នកចូលរួមបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់សកម្មភាពមីននៅកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ដើម្បីសម្រេចនូវគោលដៅនេះ យើងត្រូវធ្វើជាម្ចាស់ខ្លួនឯងប្រចាំថ្ងៃ ដោយត្រូវចេះការប្រើដើមទុនគំនិតប្រាជ្ញា មានសេរីភាពពីការរំខាន ការអនុវត្តជំនាញផ្ទាល់ខ្លួន និងការតាមដានប្រសិទ្ធភាពការងារប្រចាំថ្ងៃ ជាមួយនឹងជំនាញ និងចំណេះដឹងផ្ទាល់ខ្លួន។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ប្រសិនបើយេីងខ្វះជំនឿលើសមត្ថភាពរបស់ខ្លួនក្នុងការសម្រេចមហិច្ឆិតានេះ នោះយេីងនឹងមិនអាចសម្រេចតាមគោលដៅកំណត់ឡើយ។ ដើម្បីបង្កើននូវទំនុកចិត្ត និងបង្កើតនូវអនាគតកាន់តែប្រសើរឡើង យើងត្រូវបន្តរកឲ្យឃើញនូវចំណុចខ្វះខាតរបស់ខ្លួន និងត្រូវធ្វើការកែលម្អជាប្រចាំ ព្រមទាំងបន្តជម្រុញសកម្មភាពការងារនេះឲ្យកាន់តែសកម្ម និងកាន់តែខ្លាំងក្លាជាងមុន ដោយគិតពីប្រយោជន៍រួមរបស់ស្ថាប័ន៕