(ភ្នំពេញ)៖ ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាប្រឈមមុខ និងការវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញបំផុត នៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅ និងបានផ្សារភ្ជាប់ខ្លួនជានិច្ច ជាមួយប្រជាជនកម្ពុជា។
ក្នុងអង្គមីទ្ទិញអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តជាច្រើនមានដូចជា៖ ការតស៊ូប្រឆាំងរបប អាណានិគមនិយម ដើម្បីឯករាជ្យជាតិ, សង្រ្គាម ដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
សម្តេចតេជោ បានបន្ថែមថា តាមរយៈជ័យជម្នះនេះកម្ពុជា បានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣៧ឆ្នាំ ក្រោយផ្តួលរំលំរបបប៉ុលពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើន ជាពិសេសការនាំប្រជាជាតិចេញផុតពីស្រមោល នៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព និងភាពជឿជាក់។
ទន្ទឹមនឹងការលើកបង្ហាញពីវឌ្ឍនភាសង្គមក្រោយថ្ងៃរំដោះនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ថា ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅកម្ពុជាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៧,១ភាគរយ។ រីឯអតិផរណាត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងកម្រិតទាបក្នុងរង្វង់ ១,៩ភាគរយ ខណៈស្ថានភាពពាណិជ្ជកម្មកាន់តែមានភាពប្រសើរឡើង។
សម្តេចតេជោ បានឲ្យដឹងផងដែរថា ទុនបម្រុងអន្តរជាតិ នឹងកើនដល់ប្រមាណ ៥,៤៥០លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ ៤-៥ខែ ដែលអាចទប់ទល់នឹងបច្ច័យអាក្រក់ ពីវិបត្តិខាងក្រៅ។ ជាមួយគ្នានេះការប្រើប្រាស់ទំនិញ ក្នុងស្រុក មាននិន្នាការកើនឡើង ដោយសារការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស បានបង្កើនប្រាក់ចំណូលរបស់ប្រជាជន ដែលក្នុងម្នាក់មានចំណូលមធ្យម បានកើនពី ១.២១៥ដុល្លារក្នុងឆ្នាំ២០១៥ ដល់ ១.៣០១ដុល្លារ ក្នុងឆ្នាំ២០១៦។
ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រកាសជំរុញកំណែទម្រង់លើគ្រប់វិស័យ ដែលបានកំណត់ក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយការប្តេជ្ញាចិត្តខ្ពស់សំដៅធានាការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងយុត្តិធម៌សង្គម សមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ៕