(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបោះមួយជំហានទៀត លើប្រព័ន្ធបច្ចេក វិទ្យា ដោយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម (ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល) គ្រប់គ្រងរដ្ឋបាល ដើម្បីគ្រប់គ្រងមន្ត្រីរាជការ។

ពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល មានឈ្មោះថា «ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១ (Administration Automation System – AAS – Phase I)» ដើម្បីគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម សំដៅបង្កើនប្រសិទ្ធភាពការងារក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា ដើម្បីធ្វើឱ្យការងាររដ្ឋបាល ទូទៅ និងការគ្រប់គ្រងព័ត៌មានមន្ត្រីរាជការរបស់ក្រសួងពាណិជ្ជកម្ម មានភាពងាយស្រួល ឆាប់រហ័ស ច្បាស់លាស់ និងឆ្លើយតបតាមតម្រូវការ ជាក់ស្តែងស្របតាមបរិបទរាជរដ្ឋាភិបាលឌីជីថល ក្រុមការងារបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍនូវ «ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១» សម្រាប់ធ្វើប្រតិបត្តិការនានាពាក់ព័ន្ធការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រីតាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លោករដ្ឋមន្ត្រី បន្តថានៅក្នុងដំណាក់កាលទី០១ នេះ ប្រព័ន្ធគ្រប់គ្រងស្វ័យ ប្រវត្តកម្មរដ្ឋបាលទូទៅ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញ វត្ថុ ពិសេសនាយកដ្ឋានបុគ្គលិក អាចគ្រប់គ្រងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងព័ត៌ មានរបស់មន្ត្រីតាមអគ្គនាយកដ្ឋាន, នាយកដ្ឋាន និងការិយាល័យ ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធ Online និងការផ្ដល់សេវាក៏ដូចជា ការ រក្សាទុកទិន្នន័យគឺនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងតែម្ដង។ តាមរយៈប្រព័ន្ធនេះនាយកដ្ឋានបុគ្គលិក ក៏អាចស្វែងរកឈ្មោះមន្ត្រី, ពិនិត្យចំនួនមន្ត្រីសរុប, អាចទាញយករបាយការណ៍ព័ត៌មានរបស់មន្ត្រី, អាចពិនិត្យព័ត៌មានមន្ត្រីដែលមានក្នុងតារាងបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល។

លោករដ្ឋមន្រ្តី បន្ថែមថា ចំពោះមន្ត្រីរាជការទូទៅរបស់ក្រសួងពាណិជ្ជកម្ម (ក្រៅពីមន្រ្តីទទួលបន្ទុកគ្រប់គ្រងបុគ្គលិក នៃនាយកដ្ឋានបុគ្គលិក) អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមន្តី្រតាមនាយកដ្ឋាន ឬការិយាល័យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន។ ជាងនេះទៅទៀត មន្រ្តីរាជការទូទៅ អាចប្រើប្រាស់សេវាកម្មស្វ័យប្រវត្តកម្ម របស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធស្ថិតិពាណិជ្ជកម្មផងដែរ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ដំណាក់កាលបន្ទាប់ ក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម នឹងបន្ថែមមុខងារសំខាន់ៗដទៃទៀតទៅតាមតម្រូវការចាំបាច់ជាក់ស្តែង ដើម្បីធានាធ្វើយ៉ាងណាឱ្យ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅនេះ កាន់តែផ្តល់ភាពងាយស្រួល, ឆាប់រហ័ស, ប្រសិទ្ធភាព, បង្កើនទំនាក់ទំនងការងារ, ជំរុញនូវកំណើនផលិតភាពការងារ ស្របតាមភាពបច្ចុប្បន្ននៃភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី ជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់នូវ «ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ» នេះ នឹងចូលរួមបង្កើនប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តកាន់តែខ្ពស់ បន្ថែមទៀតពីសាធារណជន៕