(ភ្នំពេញ)៖ នៅក្នុងឱកាសអង្គមិទ្ទិញអបអរសាទរខួប ៦៥ឆ្នាំ ថ្ងៃកំណើតបក្សនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រឆាំងដាច់ខាតនូវឧបាយកលពិសពុលទាំងឡាយ ដែលចង់ផ្លាស់ប្តូរសង្គម តាមរយៈការបំផ្ទុះនូវបដិវត្តន៍។
មេដឹកនាំកំពូលគណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថរិភាពនយោបាយ និងរាល់សមិទ្ធផល ដែលមាននាពេលបច្ចុប្បន្ននេះ បានមកពីការយកជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី សមាជិក សមាជិកគណបក្ស និងជនរួមជាតិរាប់លាននាក់ ដូច្នេះយើងមិនអនុញ្ញាតឲ្យជនណា ឬមជ្ឈដ្ឋានណាមកបំផ្លាញបានឡើយ។
ដើម្បីរក្សាដំបូលសន្តិភាព ដែលរកបានមកដោយលំបាកនេះ សម្តេចតេជោ បានប្រកាសប្តេជ្ញាថា «យើងប្រឆាំងដាច់ចាតនូវឧបាយកលគ្រប់ប្រភេទ ដែលចង់ផ្លាស់ប្តូរសង្គមតាមរយៈការបំផ្ទុះ នូវបដិវត្តន៍ពណ៌ ឬតាមមធ្យោបាយពិសពុលផ្សេងៗទៀត ដែលនឹងនាំឲ្យប្រទេសជាតិបាត់បង់សន្តិភាព ស្ថិរភាព ឯកភាពជាតិ និងធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីទៀត»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុក ការប្រកូកប្រកាសថា កម្ពុជាមានវិបត្តិ ឬកម្តៅនយោបាយ របស់មនុស្សមួយចំនួននោះ គឺជាឧបាយកលទុច្ចរិត ប៉ុនប៉ង់បំភាន់សាធារណមតិតែប៉ុណ្ណោះ និងប្តេជ្ញាការពារអធិបតេយភាពប្រទេសកម្ពុជាខ្លួន ដោយមិនអនុញ្ញាតឱ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ៕