(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ហើយការលះបង់របស់សម្តេច មានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ និងបន្ដអភិវឌ្ឍន៍រីកចម្រើនទៅបន្ដទៀត។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC, សាខាគណបក្សស្ថានីយទូរទស្សន៍ PNN និងបញ្ចូលសមាជិកគណបក្ស ចំនួន១៨៣រូប នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

លោក ឃួង ស្រេង បានបញ្ជាក់ថា សម្តេចបានផ្តល់អាយុជីវិតជូនប្រជាពលរដ្ឋនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបងប្អូនត្រូវយល់ឲ្យបានច្បាស់ពីវីរភាពរបស់សម្តេចតេជោ។ លោកថា សមាជិកម្នាក់ជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតសមាជិកម្នាក់ៗ ត្រូវដឹងការពិត ពីអ្វីដែលគណបក្សប្រជាជនកម្ពុជា បានលះបង់ដើម្បីជាតិ មាតុភូមិ និងត្រូវហ៊ានស៊ូមតិដើម្បីបក្ស។

លោកបន្ដទៀតថា ការសម្រេចចូលរួមជាមួយបក្សប្រជាជនកម្ពុជានៅពេលនេះ មានន័យថា បងប្អូនបានថែរក្សាកេរ្ដិ៍តំណែល និងសមិទ្ធផលរបស់ដូនតាយើងពីមុនមក។ ពីមុនយើងចង់បានត្រឹមតែ ប្រជាពលរដ្ឋយល់ និងឲ្យតម្លៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានហើយ តែសម្រាប់ពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋឲ្យតម្លៃប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិ ក៏បានឲ្យតម្លៃមេដឹកនាំរបស់កម្ពុជាយើងយ៉ាងខ្លាំងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ។ ការលះបង់របស់សម្តេចតេជោ មានគោលបំណងតែមួយគត់ នោះគឺធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ដូចដែលយើងបានឃើញស្រាប់នៅពេលនេះ។ អ្វីដែលជាក់ស្តែងថែមទៀតនោះ ខណៈដែលប្រទេសកម្ពុជា ក៏ដូចជានៅលើសកលលោក កំពុងប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ សម្តេចតេជោបានដើរជួរមុខ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋម្តងទៀត ដោយការស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រពលរដ្ឋបានគ្រប់គ្នានិងគ្រប់ដូស។

លោកបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍ច្រើនណាស់ ពាក់ព័ន្ធនឹងការអត់អាហារ ដូច្នេះហើយទើបយើងរក្សាស្បៀងទុកឲ្យបានគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត ពោលគឺសម្តេចតេជោ ហ៊ុន សែន មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។ ក្នុងនាមជាសមាជិក សមាជិការបស់បក្សប្រជាជនកម្ពុជាត្រូវការពារសមិទ្ធផលរបស់សម្តេចតេជោ ដែលរកបានមកដោយលំបាក នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយអំពីអំពើល្អរបស់សម្តេចតេជោ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងយល់កាន់តែច្បាស់៕