(ប៉ៃលិន)៖ នៅសាលាឃុំស្ទឹងកាច់ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន២៩៤នាក់ ទទួលបានប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតក្រោមអធិបតីភាព លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបើទោះបីជាសម្ដេចមិនបានអញ្ជើញ មកជួបសំណេះសំណាល ដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ឲ្យធ្វើការបើកផ្តល់ប្រាក់របបគោលនយោបាយនេះ ជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ ដោយមិនមានការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រីអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខេត្តនាពេលនេះ គឺដើម្បីចូលរួមចំណែក ដោះស្រាយ និងលើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារ ឲ្យបានប្រសើឡើងបន្ថែមទៀត ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី ក៏បានជំរុញដល់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋជាជនពិការក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់ របបគោលនយោបាយនេះ ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឲ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម ឲ្យបានកាន់តែល្អប្រសើរឡើង។

បើតាមរបាយការណ៍លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឲ្យដឹងថា ការបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាពេលនេះ គឺមានចំនួន ២៩៤នាក់ ស្រីចំនួន៨៧នាក់ ក្នុងនោះ អ្នកដែលទទួលបានរបប ៦ខែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល៕