(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យ មន្ត្រី និងស្ថាប័នក្រោមឱវាទក្រសួងពាណិជ្ជកម្មទាំងអស់ បន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានថ្លែងក្រើនរំលឹកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់មតិបូកសរុប ដោះស្រាយបញ្ហាប្រឈម និងសំណូមពរក្នុងអង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ បានសម្ដែងសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធផលធំៗ ដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ សមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងគ្រប់លំដាប់ថ្នាក់ ព្រមទាំងកិច្ចសហការយ៉ាងល្អពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។

លោករដ្ឋមន្ត្រី បន្តថាបន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងបទអន្តរាគមន៍ ព្រមទាំងបញ្ហាប្រឈម និងសំណូមពររបស់ក្រសួង-ស្ថាប័ន វិស័យឯកជន អង្គភាពក្រោមឱវាទ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នៅក្នុងអង្គសន្និបាតរួចមក ក្រសួងពាណិជ្ជកម្មបានពិនិត្យដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្តល់ជាដំណោះស្រាយសមស្របប្រកបដោយប្រសិទ្ធភាព ជូនដល់ស្ថាប័នពាក់ព័ន្ធទាំងនោះ រួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតជាដើម។

ដើម្បីឱ្យការបម្រើសាវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែទទួលបានទំនុកចិត្ត ពីប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រី និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្មនូវកិច្ចការអាទិភាពមួយចំនួន ដូចខាងក្រោម៖

* ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋាន ត្រូវបន្តពង្រឹងវត្តមានមន្រ្តីក្រោមឱវាទខ្លួនឱ្យមានប្រសិទ្ធភាព ហើយនាយកដ្ឋានបុគ្គលិក ត្រូវចុះពង្រឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឱ្យមានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងមន្រ្តី
* ត្រូវចេះប្រើប្រាស់មន្រ្តីដែលមានស្រាប់ឱ្យអស់លទ្ធភាព និងត្រូវបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែម ដោយពិនិត្យ និងបែងចែកមន្រ្តីដែលទទួលបានថ្មីទៅតាមលទ្ធភាពជាក់ស្តែង
* មន្ទីរពាណិជ្ជកម្មទាំងអស់ ត្រូវបន្តខិតខំធ្វើការ និងសហការឱ្យបានល្អប្រសើរជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
* នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋាននាំចេញ-នាំចូល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្មពាណិជ្ជកម្ម ជូនសាធារណជន
* ត្រូវបញ្ជូនមន្ត្រីទៅទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស ឱ្យបានច្រើន ឱ្យចំជំនាញ និងចំទីតាំង ដើម្បីឱ្យមន្ត្រីដែលបានទទួលការបណ្តុះបណ្តាលអាចប្រើប្រាស់ចំណេះដឹងបានចំគោលដៅ និងមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តស្វែងរកដៃគូផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែងបន្ថែមទៀត
* នាយកដ្ឋាន-អង្គភាពនីមួយៗ ត្រូវបន្តកិច្ចសហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ដោយចាត់មន្ត្រីឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងផ្តល់ជូនមន្ត្រីជំនាញសម្រាប់ធ្វើជាគ្រូបង្គោល ក្នុងការបណ្តុះបណ្តាលសិក្ខាកាមបន្ត
* នាយកដ្ឋានជំនាញត្រូវចុះផ្សព្វផ្សាយច្បាប់ គោលនយោបាយ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាទៅដល់ធុរជន វិស័យឯកជន និងសាធារណជន ព្រមទាំងត្រូវធ្វើផែនការសកម្មភាពឱ្យបានច្បាស់លាស់ជានិច្ច
* ប្រធានគ្រប់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់នូវឯកសារច្បាប់ គោលនយោបាយ និងកិច្ចព្រមព្រៀងនានាដែលបានចូលជាធរមាន ដាក់នៅបណ្ណាល័យរបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងគេហទំព័ររបស់ក្រសួង ដើម្បីបង្កលក្ខណៈឱ្យមន្ត្រីក្រសួង និងសាធារណជនអាចស្វែងរក និងប្រើប្រាស់បានដោយងាយស្រួល
* អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរជំនួយបច្ចេកទេសបន្ថែមទៀត
* នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ត្រូវបន្តផ្តល់ជូនបញ្ជីឈ្មោះក្រុមហ៊ុនទៅកាន់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត រយៈពេលបីខែម្តង តាមស្មារតីរបស់សន្និបាតឆ្នាំ២០២១ កន្លងទៅ ដើម្បីរក្សាបច្ចុប្បន្នភាពនៃព័ត៌មានក្រុមហ៊ុនទាំងនោះ
* ចំពោះបញ្ហា និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងការងារចុះបញ្ជីពាណិជ្ជកម្ម សូមបញ្ជូនទៅប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ពិនិត្យ និងដោះស្រាយ
* ត្រូវស្វែករកអ្នកជំនាញការ/ទីប្រឹក្សា និងជំនួយបច្ចេកទេសដែលផ្តល់ដោយអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការសហការជួយជំរុញដល់វិស័យពាណិជ្ជកម្ម៕