(ព្រះសីហនុ)៖ បន្ទាប់ពីទទួលបានអំណោយជាសម្ភារពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃកងពលតូចលេខ៧០ បានរៀបចំការហ្វឹកហ្វឺនជំនាញមុជទឹករយៈពេលមួយសប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺននេះធ្វើឡើងនៅទីតាំងឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
នាឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជាជំនួយសម្ភារឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹកដូចជា៖ បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើម។
ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគិតគូរដល់កងប្រតិបត្តិការរុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឱ្យប្រតិបត្តិការអន្តរាគមន៍ទាំងឡាយដែលកើតឡើងជាយថាហេតុទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការផ្តល់ជំនួយសម្ភារនេះ ជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថានភាពដែលជួបប្រទះនាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះដែលលិចលង់ដោយឧបទ្ទវហេតុផងដែរ។
ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំង ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទេសរដ្ឋមន្រ្តីបានថ្លែងថា ទោះជាយ៉ាងណារាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ៕