(ភ្នំពេញ)៖ ជាថ្មីម្តងទៀតក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់មេបក្សប្រឆាំង ដែលកំពុងប្រឈមមុខនិងច្បាប់ កុំឲ្យយករឿងធ្វើខុសទៅនឹងច្បាប់នេះ កាឡៃទៅជារឿងនយោបាយ ហើយដាក់សម្ពាធទៅលើតុលាការនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានហៅទង្វើនេះថា ជាអំពើប្រមាថដល់ប្រជាជន ស្ថាប័នរដ្ឋ និង ជាអំពើផ្សងព្រេង ដ៏គ្រោះថ្នាក់សម្រាប់ជាតិ។
នៅក្នុងឱកាសប្រារព្ធអង្គមីទ្ទិញអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយប្រយោលមិនបានសំដៅ ចំពោះអ្នកនយោបាយណាមួយនោះឡើយ។ តែទោះបីជាយ៉ាងណា គេអាចដឹងបានថា សារនយោបាយនេះ គឺសំដៅដល់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ កំពុងប្រឈមទៅនិងផ្លូវច្បាប់ក្នុងបទល្មើសផ្សេងៗគ្នា ហើយក៏កំពុងស្វែងរកការគាំទ្រ និងអន្តរាគមន៍ពីបរទេសនានា ដើម្បីបានរួចផុតពីការអនុវត្តច្បាប់ របស់តុលាការកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គ្មានគណបក្សណាមួយ ឬអង្គការសង្គមណាមួយ ឬមនុស្សណាម្នាក់ ទោះស្ថិតក្នុងឋានៈ ឬតួនាទីអ្វីក៏ដោយ មិនអាចស្ថិតនៅក្រៅរង្វង់ច្បាប់បានឡើយ អ្នកប្រព្រឹត្តកំហុស ទោះជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវតែទទួលទោសតាមច្បាប់ ព្រោះកម្ពុជាជានីតិរដ្ឋ និងជារដ្ឋ ដែលមានអធិបតេយ្យពេញលេញ។ គេមិនត្រូវកាឡៃរឿងឯកជនរបស់បុគ្គល ដែលធ្វើខុសឲ្យទៅជារឿងនយោបាយ និងដាក់សម្ពាធលើស្ថាប័នតុលាការឡើយ ទង្វើបែបនេះ គឺជាអំពើប្រមាថដល់ប្រជាជន ដល់ស្ថាប័ន និងជាអំពើផ្សងព្រេងដ៏គ្រោះថ្នាក់សម្រាប់ជាតិ»។
ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល ក៏បានទទូចជាថ្មីម្តងទៀត ទៅកាន់មជ្ឈដ្ឋានបរទេសមួយចំនួន ស្វែងយល់ឲ្យបានច្បាស់ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះដំណើរការជាវិជ្ជមាន នៃការអនុវត្តនីតិរដ្ឋរបស់កម្ពុជា ជាមួយការគោរពដល់អធិបតេយ្យរបស់កម្ពុជា៕