(សៀមរាប)៖ ក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនដែលបានរួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា លើជំនាញព្យាបាល និងអភិរក្សថ្មអស់ជាច្រើនឆ្នាំមកហើយដែរ។

តាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរាមកកាន់ Fresh News នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មី ពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។

លោក Christoph Buecker អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានឱ្យដឹងថា វត្តមានរបស់ស្ថាប័ន GIZ នៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបម្រើការនៅក្នុងអាជ្ញាធរជាតិអប្សរាឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។

លោក Christoph Buecker បានបញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មក ស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗរយៈពេលបីឆ្នាំម្តង។ បច្ចុប្បន្ននេះ ស្ថាប័ន GIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុងសម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រឹស្តី និងបច្ចេកទេសមួយចំនួនដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។

លោកបន្តថា ស្ថាប័ន GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀតដល់ផ្នែកពិសោធន៍ ដោយមានម៉ាស៊ីនពិសោធន៍ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួន ព្រមទាំងអាចជួយបន្សាបជាតិអំបិលនៅលើថ្ម និងពីរបៀបថាតើត្រូវដកយកជាតិអំបិលចេញពីថ្មដោយរបៀបណាទៀតផង។

លោក Christoph Buecker បានសង្គត់ធ្ងន់ថា តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្ស និងព្យាបាលថ្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរសព្វថ្ងៃនេះ ធនធានមនុស្សខ្មែរជំនាន់ថ្មីមានចំនួនកើនឡើង មានសមត្ថភាពបំពេញការងារនៅតាមការដ្ឋានជួសជុលប្រាសាទដោយខ្លួនឯង ដោយពុំចាំបាច់មានអ្នកជំនាញបរទេសទាំងស្រុងដូចកាលពីមុនទៀតហើយ។

លើសពីនោះ សិក្ខាកាមទាំងអស់ហាក់មានចិត្តស្រលាញ់កេរមរតកដូនតាខ្លួនផង បានខិតខំយកចិត្តទុករៀនសូត្ររហូតក្លាយខ្លួនជាអ្នកជំនាញ ប្រែខ្លួនពីមនុស្សម្នាក់ដែលចេះសង្កេត តាមដានថ្ម និងបន្តថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ខ្លួនទៀតផង៕