(បន្ទាយមានជ័យ)៖ ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា ដែលជាក្រុមហ៊ុនចេញអង្ករ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានចុះកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍កសិកម្មផលិតស្រូវ ចំនួន៦ លើបរិមាណស្រូវ៨,៥៣៣តោន មានផ្ទៃដី១,៧៨០ហិកតា និងមានសមាជិកចំនួន១៨៧នាក់។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព របស់លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។

កិច្ចសន្យាកសិកម្មនេះ គឺជាលទ្ធផលនៃការសម្របសម្រួលសហការ​ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា។

ព្រឹត្តិការណ៍នៃការចុះហត្ថលេខានេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ឆ្នាំ២០២៣ នៅក្នុងខេត្តបន្ទាយមានជ័យ និងមានសារៈសំខាន់ណាស់ សម្រាប់កសិករអ្នកផលិតស្រូវ រោងម៉ាស៊ីន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តជំរុញការសហការ និងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ។

ក្នុងឱកាសនោះ លោកបណ្ឌិត បានណែនាំឲ្យបន្តសហការចងក្រង និងពង្រឹងសហគមន៍កសិកម្ម និងរៀបចំចងក្រងទិន្នន័យផលិតកម្ម។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ ដល់សហគមន៍ឲ្យកាត់បន្ថយថ្លៃដើមផលិតស្រូវ តាមរយៈការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹក។

សូមបញ្ជាក់ផងដែរថា សហគមន៍ផលិតស្រូវ ក៏ទទួលបានការសម្របសម្រួលការផ្គត់ផ្គង់ធាតុចូល ពីក្រុមហ៊ុនដូចជាជី ថ្នាំកសិកម្ម និងពូជស្រូវ ដោយកសិករទិញបណ្ដាក់ និងទូទាត់នៅពេលប្រមូលផល៕