(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០២៣ មានការរៀបចំ «វេទិកាជំនួបជាមួយសមាជិកគណបក្សជាយុវជន ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ផលិតករ អ្នកធុរកិច្ចទីផ្សារ បណ្តាញអ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លីនិងសំណង់ អ្នកវាយតម្លៃ-ភ្នាក់ងារអចលនវត្ថុ អ្នកប្រកបផលរបរកសិកម្ម អ្នកប្រកបអាជីវកម្មសេវាដឹកជញ្ជូន អ្នកប្រកបអាជីវកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ អ្នកប្រកបអាជីវកម្មសេវាស្នាក់នៅ ភ្នាក់ងារទេសចរណ៍ អ្នកបម្រើសេវា នៅតាមមណ្ឌលកម្សាន្ត ក្លឹប រង្គសាល ខារ៉ាអូខេ បៀរហ្កាឌិន ភោជនីយដ្ឋាន និងអាហារដ្ឋាន» នៅភោជនីយដ្ឋាន The Grand Terrace។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី ជាតំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមក្នុងអង្គពិធី សរុប១៤៥០នាក់។

បន្ទាប់ពីការអានសេចក្តីរាយការណ៍របស់លោក ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានី និងជាប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះក្រុមការងារយុវជនគណបក្សរាជធានី, លោក នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងបានចែករំលែកជូនសមាជិកគណបក្សជាយុវជន អំពីតួនាទី ភារកិច្ច របស់យុវជនគណបក្ស, រចនាសម្ព័ន្ធអង្គការចាត់តាំងនានារបស់យុវជនគណបក្ស និងសារប្រយោជន៍នៃការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកក៏បានគូសបញ្ជាក់បន្ថែមអំពីប្រវត្តិ ស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជន, ការពារបានរឹងមាំនូវខឿនការពារជាតិ, រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, អភិវឌ្ឍប្រទេស ជាតិ លើគ្រប់វិស័យ, លើកស្ទួយការគោរពសិទ្ធិសេរីភាព និងពង្រីកនូវចំណងនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាអភិវឌ្ឍបង្កើតជាភាពធន់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងបរិបថ នៃវិបត្តិសេដ្ឋកិច្ចសកល វិបត្តិវិស័យថាមពល ជម្លោះភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩។

បន្ថែមលើនេះ លោក នួន ផារ័ត្ន បានឆ្លៀតឲកាសផ្សព្វផ្សាយលទ្ធផល និងខ្លឹមសារសំខាន់ៗ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងមានតំណាងដែលបានអញ្ជើញចូលរួម មហាសន្និបាតរួមមាន សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, មន្ត្រីគណបក្សជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុបជាង ៣ ៥០០ រូប ហើយបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុង ស្មារតីសាមគ្គីភាព និង ឯកភាពខ្ពស់។

សមាជិកគណបក្សជាយុវជន ទាំង១៤៥០នាក់ ក៏បានប្តេជ្ញាចិត្តចូលរួមជួយដល់គណបក្ស ដោយប្រែក្លាយខ្លួនជាសកម្មជនយុវជនរបស់គណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យគណបក្ស បានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕