(ម៉ាឡេស៊ី)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកម្មវិធីជួបជុំសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីស្វែងរកជំនួយរបស់មូលនិធិ RESTU ប្រទេសម៉ាឡេស៊ី និងទទួលពានរង្វាន់ «ឥស្សរជនអាល់គួរអាន» សម្រាប់ឆ្នាំ២០២២ នៅទីក្រុងបុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ត្រូវបានជ្រើសរើសជាបេក្ខជនពានរង្វាន់ «ឥស្សរជនអាល់គួរអាន» សម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព YAB Dato' Seri Dr. Ahmad Zahid Bin Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងទីក្រុង។

គួរបញ្ជាក់ថា មូលនិធិ Restu ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលឈានមុខគេក្នុងការថតចម្លង និងបោះពុម្ពផ្សាយ គម្ពីរគួរអានធំជាងគេទីពីរ នៅលើពិភពលោក បន្ទាប់ពីមជ្ឈមណ្ឌលបោះពុម្ព King Fahd ប្រទេសអារ៉ាប៊ីសាអូឌីត។

រយ:ពេលជាងពីរទសវត្សរ៍ មូលនិធិនេះបាននិងកំពុងធ្វើឲ្យប្រទេសម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសាបព្រួស និងផ្សព្វផ្សាយគម្ពីរគួរអាន ស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រផ្សេងៗ សិល្បៈឥស្លាមសម្បូរបែប ឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីបំពេញតម្រូវការក្នុងការប្រណិប័តន៍សាសនារបស់ខ្លួន សម្រាប់ប្រជាជនមុស្លិមទូទៅ។

កន្លងមកមូលនិធិ RESTU បានធ្វេីកិច្ចសហប្រតិបត្តិការ ក្នុងការបោះពុម្ពគម្ពីរគួរអាន ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា CMDF និងបានបោះពុម្ពគម្ពីរគួរអានបកប្រែជាខេមរៈភាសា ចំនួនជិត៥៧,០០០ក្បាល និងគម្ពីរគួរអានធម្មតា ចំនួនជាង៣៥,០០០ក្បាល ដើម្បីចែកជូនសាសនិកឥស្លាមកម្ពុជាដោយឥតគិតថ្លៃ សរុបជាទឹកប្រាក់ប្រមាណ១.៧លានដុល្លារ៕