(កំពង់ឆ្នាំង)៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងដល់អាជីវករលក់ដូរ ដែលមានលំនៅឋានតាមដងផ្លូវក្រាលកៅស៊ូ នៅក្នុងក្រុងកំពង់ឆ្នាំង ឲ្យចូលរួមសហការ ជាមួយរដ្ឋបាលក្រុង ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឲ្យបានគ្រប់ៗគ្នា។

យោងតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង ជំរាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវក្រាលកៅស៊ូ នៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ ដោយរដ្ឋបាលក្រុង ត្រូវរៀបចំសោភ័ណភាព ទូទាំងក្រុងកំពង់ឆ្នាំង ឲ្យមានសណ្ដាប់ធ្នាប់និងបរិស្ថានល្អ ជាទីក្រុងប្រកបដោយសោភ័ណភាព និងមានអនាម័យ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខនេះ។

ដូច្នេះ ដើម្បីធ្វើឲ្យទីក្រុងស្អាត និងមានសោភ័ណភាពល្អ សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមដងផ្លូវក្រាលកៅស៊ូ តាមរបងមន្ទីរអង្គភាពនានា ក្នុងក្រុងកំពង់ឆ្នាំង ដែលបានសាងសង់សំយ៉ាប និងដាក់ស្លាកយីហោ ឬតាំងលក់ទំនិញផ្សេងៗនៅលើការូឡា ឬដីចំណីផ្លូវទាំងនោះ ត្រូវកាត់ និងរើរុះចេញឲ្យអស់ ដោយដកគម្លាតពីចិញ្ចើមផ្លូវ ទុកសម្រាប់ថ្មើជើងប្រវែង៣ម៉ែត្រ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។

លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh news នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ឲ្យដឹងថា ដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត នៅថ្ងៃខាងមុខនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានដាក់ចេញនូវផែនការ ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងក្រុងកំពង់ឆ្នាំង។ ដោយជំហានទីមួយ ចាប់ផ្ដើមរៀបចំពីមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង រហូតដល់អាហារដ្ឋានមិត្តភាព ក្បែរវិមានឯករាជ្យ បន្ទាប់មកនិងធ្វើការរៀបចំសណ្ដាប់ធ្នាប់ នៅលើទីតាំងផ្សេងៗជាបន្តទៀត។

លោកបានឲ្យដឹងទៀតថា សេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងបានចែកជូនដល់បងប្អូនអាជីវករលក់ដូរ និងម្ចាស់ផ្ទះ ដែលជួលទីតាំងឲ្យអាជីវករលក់ដូរនៅចំណុចខាងលើនេះ រួចអស់ហើយ និងបានចម្លងជូនរដ្ឋបាលខេត្ត និងសាលាដំបូងខេត្តផងដែរ។

សេចក្តីជូនដំណឹងនេះដែរ ដោយទុករយៈពេលឲ្យពួកគាត់មួយសប្តាហ៍ ករណីដែលពួកគាត់មិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង និងចេញសេចក្តីជូនដំណឹងទុកពេលជូនពួក គាត់មួយសប្តាហ៍ទៀត នៅថ្ងៃឱសានវាទចុងក្រោយ បើនៅតែមិនព្រមអនុវត្តតាមនោះទេ រដ្ឋបាលក្រុង និងអនុវត្តទៅតាមនីតិវិធីរដ្ឋបាល។

លោក ហ៉ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងផងដែរថា ដោយអនុវត្តតាមការណែនាំ ពីលោកអភិបាលខេត្តកំពង់ឆ្នាំង ដោយត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថានក្នុងក្រុងកំពង់ឆ្នាំង ឲ្យបានល្អ ដើម្បីចូលរួមប្រកួតប្រជែង ទីក្រុងស្អាតនាថ្ងៃខាងមុខនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានចាប់ផ្ដើមអនុវត្តជំហានទីមួយ ដោយបានចាប់ដំណើរការរៀបចំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ គឺរៀបចំជាដំណាក់កាលៗ និងជាបន្តបន្ទាប់។

ក្នុងឱកាសនេះដែរ លោកអភិបាលក្រុង ក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ ក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ សូមចូលរួមសហការ ជាមួយរដ្ឋបាលក្រុង ដើម្បីរួមគ្នាកែលម្អសោភ័ណភាពរបៀបរៀបរយ អនាម័យ និងបរិស្ថាន ក្នុងក្រុងរបស់យើងទាំងអស់គ្នា។

រដ្ឋបាលក្រុង ក៏សូមការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងក្រុងកំពង់ឆ្នាំងផងដែរ ប្រសិនបើបងប្អូនមិនអនុវត្តតាមសេចក្តីណែនាំខាងលើនេះទេ ផុតកំណត់ថ្ងៃឱសានវាទ នោះបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ឆ្នាំង និងអនុវត្តតាមនីតិវិធីរដ្ឋបាល ដោយមិនមានការយោគយល់នោះឡើយ៕