(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត, លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងជំនួយការផ្នែកចរាចរណ៍នគរបាលក្រុង និងលោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដឹកនាំកម្លាំងនគរបាល ចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ជាពិសេសដងផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែត។

ពេលចុះរៀបចំនោះ នគរបាលបានឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនួនតូច នៅតែមិនគោរពអនុវត្តតាមការណែនាំរបស់កម្លាំងសមត្ថកិច្ចនៅឡើយ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ នៅតាមផ្លូវវិហារចាម និងផ្លូវខាងលិចផ្សារត្រីប៉ោយប៉ែត មានការកកស្ទះលើដងផ្លូវដោយសារតែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ហើយពលរដ្ឋខ្លះទៀត បានយកចិញ្ចើមផ្លូវសម្រាប់ការចតរថយន្ត ម៉ូតូ ដាក់តាំងលក់ដូរ ដាក់ឆ័ត្រដើម្បីធ្វើអាជីវកម្មជាដើម។

ឆ្លៀតក្នុងឱកាសនោះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួនតូច ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃ ហើយក៏បានហាមចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយ មិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេ ចៀសវាងការកកស្ទះផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែត និងគ្រោះថ្នាក់ជាយថាហេតុផងដែរ៕