(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្ម របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា នាពេលកន្លងមក។

ការវាយតម្លៃរបស់លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក ចូសែហ្វ សូយ័រ អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) ចូលជួបសម្តែងការគួរសម និងណែនាំខ្លួន ដោយអមដំណើរដោយទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានបង្ហាញការស្វាគមន៍ ចំពោះវត្តមានជាលើកទីពីររបស់លោក ចូសែហ្វ សូយ័រ នៅកម្ពុជា បន្ទាប់ពីលោកបានបំពេញតួនាទី ជានាយក​​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ពីឆ្នាំ២០០៧-២០១០ និងបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្ម របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។

លោកទេសាភិបាលបានស្នើ ដល់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ឱ្យជួយការងារអាទិភាព ក្នុងវិស័យហិរញ្ញវត្ថុបន្តទៀត ជាពិសេសការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការសិក្សាស្រាវជ្រាវ។

លោក ចូសែហ្វ សូយ័រ បានលើកឡើងពីកិច្ចសហការល្អរវាង ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាពេលកន្លងមក ក្នុងនោះទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាដូចជា UNCDF បានជួយពង្រឹងការងារ ទាក់ទងនឹងការធ្វើអង្កេត ពីបរិយាបន្នហិរញ្ញវត្ថុ UNDP ជួយរួមចំណែកសិក្សា ពីមូលបត្ររដ្ឋ សហការរៀបចំសន្និសិទ្ធម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងជួយសិក្សាស្រាវជ្រាវ ពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។

ចំណែកឯ UNESCAP បានជួយផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់ស្រ្តី និងជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោក ចូសែហ្វ សូយ័រ បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងបានបង្ហាញការតាំងចិត្តបន្តរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យបានកាន់តែល្អថែមទៀត។

ជាក់ស្តែងនៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងរៀបចំវេទិការពិភាក្សាប្រចាំឆ្នាំ ជាមួយរដ្ឋាភិបាល ដើម្បីកំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើ៕