(ម៉ាឡេស៊ី)៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) បានទទួលជួបពិភាក្សាការងារ ជាមួយលោក Mohd. Izzat Afifi Hj. Abdul Hamid ប្រធានក្រុមប្រឹក្សាយុវជនម៉ាឡេស៊ី (MBM) នៅទីក្រុងបុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។

ជំនួបនេះធ្វើឡើង ឆ្លៀតក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកម្មវិធីជួបជុំសប្បុរសជនមូលនិធិ RESTU និងទទួលពានរង្វាន់ឥស្សរជន AL-QURAN នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការរវាង CMYA និង MBM ទាក់ទងនឹងសកម្មភាពមនុស្សធម៌ អប់រំ សុខាភិបាល និងលើវិស័យផ្សេងៗទៀត។

សូមជម្រាបថា MBM ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨ មានសមាជិកជាង ១.២លាននាក់ មានអង្គភាពយុវជនជាតិនៅក្រោមឆ័ត្រចំនួន៤១ និងមានស្នាក់ការនៅតាមតំបន់ ចំនួន១០៦។ MBM ក៏ជាសមាជិកគណៈកម្មការយុវជន អាស៊ាន ដោយក្នុងនោះក៏មាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផងដែរ។

នាឱកាសនោះ លោក Mohd. Izzat Afifi Hj. Abdul Hamid បានលើកឡើងថា កន្លងមក MBM តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយ ស.ស.យ.ក ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន លេីការងារមនុស្សធម៌ គាំពារសង្គម អប់រំ និងផ្សេងៗទៀត។ លេីសពីនេះ នៅមុនពេលមានការរីករាលដាលជំងឺកូវីដ១៩ រូបលោកផ្ទាល់ ព្រមទាំងក្រុមការងារ ក៏ធ្លាប់បានអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្គ្រាន ដែលរៀបចំដោយស.ស.យ.ក ផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា CMYA គឺជាសមាគមស្ថិតនៅក្រោមឆ័ត្រ របស់ស.ស.យ.ក ដែលមានថ្នាក់ដឹកនាំ និងសមាជិកសមាជិកាជាមុស្លិម នឹងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការលេីការងារនានា ក្នុងសហគមន៍ខ្មែរឥស្លាម។ លោកបានបន្តថា កន្លងមក CMYA តាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេស តែងតែធ្វេីសកម្មភាព និងចូលរួមយ៉ាងសកម្មលើការងារមនុស្សធម៌នៅតាមមូលដ្ឋាន៕