(បន្ទាយមានជ័យ)៖ ១ថ្ងៃកន្លះចាប់ពីថ្ងៃទី២៩ និង៣០ ខែមករា ឆ្នាំ២០២៣ នៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងខេត្តបន្ទាយមានជ័យលើកទី៣០ ដោយផ្តោតសំខាន់លើកយកបញ្ហាការលុបបំបាត់ភាពអវិជ្ជមានតាមវត្តអារាម និងបង្ក្រាបសង្ឃក្លែងក្លាយដើរបិណ្ឌបាត្រតាមផ្សារ។

ពិធីនេះមានការចូលរួមលោក ហង្ស ចាន់ព្រីដា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈមហានិកាយ​ ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ លោក អ៊ុំ រាត្រី អភិបាលអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរលោក អ៊ុំ រាត្រី បានលើកឡើងថា ការបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឈទូទាំងខេត្តបន្ទាយមានជ័យនេះ គឺដើម្បីបូកសរុប និងពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឈប្រកាសកន្លងទៅ និងពិគ្រោះយោបល់ ការងារព្រះពុទ្ធសាសនានៅពេលបច្ចុប្បន្ននេះ ដើម្បីលើកកំពស់កិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសេនាធិការរបស់រដ្ឋ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឈ និងវត្តអារាមទៀតផង។

លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា កន្លងមកនៅតាមវត្តអារាមនានា តែងតែមានអធិករណ៍កើតឡើងជាញឹកញាប់ ហើយដើម្បីរំងាប់អធិករណ៍នេះ លោកបានឲ្យមន្ទីរធម្មការ ចុះបើកវគ្គបណ្តុះបណ្តាលគ្រប់វត្តអារាមនានា ក្នុងបណ្តាស្រុកទូទាំងខេត្តឲ្យចេះចុះបញ្ជីគណនេយ្យឲ្យបានច្បាស់លាស់ ទើបទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងនោះលោក អ៊ុំ រាត្រី បានឲ្យប្រធានមន្ទីរធម្មការ សហការជាមួយកំលាំងសមត្ថកិច្ចក្នុងខេត្តចុះបង្ក្រាបសង្ឃក្លែងក្លាយ ដែលដើរត្រាច់ចរបិណ្ឌបាត្រតាមផ្សារ និងតាមផ្លូវសាធារណៈ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះវាធ្វើឲ្យខូចសាសនាខ្លាំងណាស់ ពិសេសមុនទទួលយកព្រះសង្ឃបួសនោះ ត្រូវធ្វើការពិនិត្យទឹកនោម ហើយបើជនណាមានសារធាតុញៀនត្រូវបញ្ជូនទៅបង្សាប នៅមណ្ឌលបន្សាបគ្រឿងញៀន៕