(ភ្នំពេញ)៖ លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ហើយបានទន្ទ្រានដីសម្បទានសេដ្ឋកិច្ច យកទៅកាន់កាប់ និងអាស្រ័យផលនោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចជូនតែម្ដង ប៉ុន្ដែអនុវត្តតែប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលមានការទទួលស្គាល់ពីអាជ្ញាធរប៉ុណ្ណោះ។
ការបញ្ជាក់របស់លោក កៅ ម៉ាឌីឡែន ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តក្រចេះ»។
លោកប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ បានបន្ដទៀតថា មានប្រជាពលរដ្ឋប្រមាណ២៩៥គ្រួសារ ដែលបានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ ដើម្បីបានដីពីរាជរដ្ឋាភិបាល នៅទីតាំងដែលខ្លួនបានកាន់កាប់ និងអាស្រ័យផល នៅលើដីដែលត្រូវបានសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនឯកជន ប៉ុន្ដែក្នុងចំណោមនោះ មានតែប្រជាពលរដ្ឋ៧៥គ្រួសារប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច។ ចំណុចនេះមានន័យថា ចំនួនប្រជាពលរដ្ឋក្រៅពី៧៥គ្រួសារនេះ គឺក្រុមមេខ្យល់ដែលដើរប្រមូលប្រជាពលរដ្ឋ។
លោក កៅ ម៉ាឌីឡែន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋដែលទន្ទ្រានដីសម្បទានសេដ្ឋកិច្ច ឲ្យគាត់ដាក់ជាសម្បទានសង្គមកិច្ចវិញ មានន័យថា បើជាអ្នកក្រគ្មានដី ហើយខ្វះដី ត្រូវការដី គឺរដ្ឋប្រគល់ជូន។ អញ្ចឹងឥលូវដែលដាក់ពាក្យបណ្ដឹង២៩៥គ្រួសារ តែឲ្យដាក់ពាក្យចូលសម្បទានបានតែ៧៥គ្រួសារប៉ុណ្ណោះ មានន័យថា ក្រុមអ្នកមានមិនហ៊ានមកដាក់ពាក្យទេ ព្រោះយើងយកប័ណ្ណក្រីក្រជាគោល»។
បើតាមលោកប្រធានមន្ទីរ ក្រុមជនខិលខូចដែលដើរបោកប្រាស់ និងកៀរគរលុយពីប្រជាពលរដ្ឋនោះ ត្រូវបានជនរងគ្រោះពិតប្រាកដដាក់ពាក្យបណ្ដឹងទៅកាន់តុលាការថែមទៀតផង ដែលពាក់ព័ន្ធបទល្មើសឆបោក និងយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៅលក់ដូរ។
ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណងក្នុងខេត្ដក្រចេះនេះ បានផ្តល់ដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចូលនិវត្តន៍ចំនួន ៣៨៨ខ្នងផ្ទះ (ផ្ទះថ្ម១០០ខ្នង និងផ្ទះឈើ ២៨៨ខ្នង) និងបានផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រខ្វះដីលំនៅឋាន និងដីបង្កបង្កើនផលបានចំនួន ៥,៣២៤គ្រួសារ។ ចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធចំនួន ១ក្រុង ៣ស្រុក ក្នុងនោះក្រុងក្រចេះបានបញ្ចប់ការវាស់វែង១៤,៣៥៨បណ្ណ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង បានចំនួន២៨,០០៩បណ្ណ ក្នុងនោះបណ្ណ សម្បទានដីសង្គមកិច្ចបានចំនួន ២,៥៧៧បណ្ណ។
ការងារដោះស្រាយទំនាស់ដីធ្លី ក្រុមការងារដោះស្រាយវិវាទដីធ្លីចល័តទទួលសំណុំរឿងចំនួន១៣៩ករណី ក្នុងនោះ៖ បានសម្រុះសម្រួលដោះស្រាយបញ្ចប់បានចំនួន ៦៥ករណី ភាគីដើមបណ្តឹងដកពាក្យបណ្ដឹងចំនួន ១ករណី ច្រានចោលពាក្យបណ្តឹងចំនួន ៤៩ករណី (ជាសមត្ថកិច្ចរបស់តុលាការ) បញ្ចូនទៅថ្នាក់ជាតិដើម្បីបន្តដោះស្រាយចំនួន៤ករណី និងកំពុងដោះស្រាយបន្តតាមផែនការចំនួន ២០ករណី។
ការដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានទទួលពាក្យបណ្ដឹងក្នុងឆ្នាំ២០២២ ចំនួន៣ករណី បានសម្រុះសម្រួល៣លើក និងសម្រេចសេចក្តីចំនួន១ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដោះស្រាយបន្តលើកផែនការដោះស្រាយបន្តចំនួន ២ករណី។ ការដោះស្រាយវិវាទដីធ្លីក្រៅយន្តការគណៈកម្មការសុរិយោដីខេ ទទួលពាក្យបណ្តឹងពីថ្នាក់ជាតិចំនួន៤៩ករណី បានដោះស្រាយបញ្ចប់ចំនួន ៣២ករណី បានលើកផែនការដោះស្រាយបន្តក្នុងឆ្នាំ២០២៣ ចំនួន១៧ករណី៕