(ភ្នំពេញ)៖ លោក ហ៊ូ ក្រើន នាយកអង្គការហេឡែន ខេលល័រ បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញ បណ្តាលឱ្យកុមារប្រមាណកន្លះលាននាក់មានជំងឺរាគរូស និងរលាកសួត។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារ និងការលំហែមាតុភាពសម្រាប់ស្រ្តីធ្វើការនៅប្រទេសកម្ពុជា» ដោយមានការចូលរួមពី ក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ ដែលមានទីតាំងស្ថិតនៅសណ្ឋាគារភ្នំពេញ។

លោក ហ៊ូ ក្រើន បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា ជីវិតរបស់កុមារជិត២០០០នាក់ អាចត្រូវបានសង្គ្រោះជារៀងរាល់ឆ្នាំតាមរយៈការ បង្កើនការអនុវត្តការចិញ្ចឹមទារក និងកុមារឱ្យបានល្អប្រសើរ។ ការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញ បណ្តាលឱ្យកុមារប្រមាណកន្លះលាននាក់មានជំងឺរាគរូស និងរលាកសួត។

លើសពីនេះទៀត កុមារប្រមាណ៥០០០នាក់ មានបញ្ហាធាត់ជ្រុលជារៀងរាល់ឆ្នាំ។ ប្រទេសកម្ពុជា មានការខាតបង់ទឹកប្រាក់ប្រមាណ ១៣៧.៧លានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញ ដែលការខាតបង់នេះគឺរាប់បញ្ចូលទាំង បន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អាត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែកសតិបញ្ញារបស់កុមារផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តសម្រេចឱ្យបានការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ឱ្យបានដល់៨៥% ត្រឹមឆ្នាំ២០៣០។ ប្រទេសកម្ពុជា ធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយ។ ទោះបីយ៉ាងណាក៏ដោយ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់កុមារអាយុពី ០ដល់៥ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៧៤% ក្នុងឆ្នាំ ២០១០ ដល់ ៦៥% ក្នុងឆ្នាំ២០១៤ និងមក ៥១% ក្នុងឆ្នាំ២០២១-២០២២។ ការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបន្តបំបៅកូនដោយទឹកដោះម្តាយ គឺមានការរួមចំណែកមួយផ្នែកពីការកើនទ្បើងនៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ និងការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្រ្តីជាម្តាយបានត្រលប់ចូលធ្វើការវិញបន្ទាប់ពីការលំហែមាតុភាព។

បន្ថែមពីនេះទៀត អង្គការពលកម្មអន្តរជាតិ (ILO) បានប៉ាន់ប្រមាណថា កម្មករនិយោជិតប្រមាណ៩៣% នៅកម្ពុជា ជាកម្មករបម្រើការងារនៅក្នុងប្រព័ន្ធមិនផ្លូវការ។ ស្របពេលដែលស្រ្តីកាន់តែច្រើនទ្បើងៗ ចូលបំរើការងារជាកម្លាំងពលកម្ម ដ៏សំខាន់ជារៀងរាល់ឆ្នាំ ហើយស្របពេលដែលមានភស្តុតាងបង្ហាញថា ម្តាយៗបម្រើការងារកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងការសម្រេចឱ្យបាននូវការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់និងបន្តបំបៅកូនដោយទឹកដោះម្តាយនោះ កម្ពុជាគួរពិចារណាកែសម្រួលខ្លឹមសារច្បាប់លំហែមាតុភាពបន្ថែមទៀត ដើម្បីជួយការពារ លើកកម្ពស់ និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយឲ្យបានកាន់តែប្រសើរឡើង។

សូមជម្រាបថា សិក្ខាសាលានេះ មានគោលបំណងចំនួន២ គឺ៖

*ទី១៖ ការបំបៅកូនដោយទឹកដោះម្តាយនិងការលំហែមាតុភាព រួមមាន៖
* ចែករំលែកលទ្ធផលសំខាន់ៗពីការសិក្សាស្រាវជ្រាវការលើកកម្ពស់មាតុភាព និងការស្រាវជ្រាវផ្សេងៗមួយចំនួនទៀត។
* ពិភាក្សាអំពីឧបសគ្គរបស់ម្តាយធ្វើការក្នុងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបានល្អប្រសើរ។
* ពិភាក្សា និងឯកភាពលើជំហានបន្ទាប់និងដំណោះស្រាយផ្សេងៗ ដើម្បីគាំទ្រម្តាយដែលធ្វើការអាចបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងពិភាក្សាថាតើយើងអាចមានលទ្ធភាពបង្កើនរយៈពេលលំហែមាតុភាពដែរឬទេ។

*និងទី២៖ ការផ្តល់អាហារបន្ថែមនៅក្នុងប្រទេសកម្ពុជារួមមាន៖
* ពិភាក្សាពីឧបសគ្គរបស់អ្នកថែទាំកុមារ ដើម្បីសម្រេចបាននូវការផ្តល់អាហារបន្ថែមដល់កុមារឱ្យបានកាន់តែល្អប្រសើរ។
* ពិភាក្សាពីសារសំខាន់នៃការផ្តល់អាហារបន្ថែមសមស្របដែលផ្តល់សុខភាពល្អ ដោយហេតុថាផលិតផលអាហារបន្ថែមដែលមានលក់នៅទីផ្សារមានការកើនទ្បើងខ្លាំង។
* ពិភាក្សា និងឯកភាពលើជំហានបន្ទាប់និងដំណោះស្រាយសម្រាប់ការលើកកម្ពស់ការផ្តល់អាហារបន្ថែមសមស្រប ដល់កុមារតាមរយៈការបង្កើត និងពង្រឹងបទបញ្ញត្តិ ស្តង់ដារសម្រាប់ផលិតផលអាហារបន្ថែមដើម្បីដោះស្រាយបញ្ហា នៃការប្រើប្រាស់ច្រើនទៅលើអាហារនិងភេសជ្ជៈដែលមិនល្អចំពោះសុខភាពក្នុងចំណោមកុមារតូចៗ៕