(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង​ លោក-លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ ក្រុមជំនួយការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ស្នងការ បានមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកាអង្គប្រជុំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារ សេនាធិការ​ ឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមករា ឆ្នាំ២០២៣ និងទិសដៅការងារមួយចំនួន​ សម្រាប់អនុវត្តបន្តនៅខែកុម្ភៈនេះ​។

ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ​ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស ឡើងអានរបាយការណ៍ទាក់ទងទៅនឹងការគ្រប់គ្រងវេនប្រចាំបញ្ជា ការងារគ្រប់គ្រងវត្តមាន និងដំណោះស្រាយ ក៏ដូចជាបញ្ហាប្រឈម​ផ្សេងៗផងដែរ​។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមមតិពីលោក លោកស្រីស្នងការរង លោកអធិការ ពាក់ព័ន្ធទៅនឹងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ការងារចរាចរណ៍ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ:ចាំបាច់ជូនប្រជាពលរដ្ឋ លទ្ធផលការងារអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត។

ក្រោយពីបានស្តាប់របាយការណ៍ និងការចូលរួមមតិរួចមក លោកឧត្តមសេនីយ៍ស្នងការ​ មានមតិកត់សម្គាល់នូវបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក និងបានកោតសរសើរកងកម្លាំងទាំងអស់ចំណុះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ក៏ដូចជាស្នងការរងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ សង្គ្រោះ និងអន្តរាគមន៍ ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាផ្សេងៗ កើតមានឡើងត្រូវមានសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាអង្គភាពពាក់ព័ន្ធផ្សេងៗទៀតឲ្យបានល្អ ជាពិសេសត្រូវស្រាវជ្រាវ បង្ការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសងខុសប្បាប់ និងតាមរកមុខសញ្ញាដែលត្រូវសេសសល់ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕