(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាអង្គការដៃគូនានា បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រលើផ្នែកផ្សេងៗទៀត។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងខណៈបានអនុញ្ញាតឲ្យលោក Joseph Scheuer អ្នកសម្របសម្រួលស្ថានអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីបានជម្រាបជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារស្ថានភាពជីវភាពរបស់ប្រជាជន តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលបានកំពុងអនុវត្តដោយមូលធិនិជាតិជំនួយសង្គម ជាពិសេស ជនក្រីក្រ ជនរងគ្រោះនិងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីវិបត្តិផ្សេងៗដូចជា ជំងឺកូវីដ-១៩, គ្រោះធម្មជាតិទឹកជំនន់ និងបញ្ហាអតិផរណាជាដើម។

លោក Joseph Scheuer បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពអន្តរាគមន៍ប្រកបដោយវិជ្ជមានរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងល្អប្រកបដោយភាពជិតស្និទ្ធ។ ក្នុងនាមអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួល នឹងបន្តជួយសម្របសម្រួល ផ្តល់ការគាំទ្រនានាបន្ថែមទៀត ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធដល់កម្ពុជា។ ក្នុងកិច្ចពិភាក្សានេះផងដែរ ក៏បានលើកឡើងពីវឌ្ឍនភាពនៃការកសាងច្បាប់ស្តីពីកិច្ចគាំពារកុមារ និងការអនុវត្តអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភជនពិការក្រីក្រនៅតាមសហគមន៍ សំដៅធានាដល់ការគាំពារកុមារ និងជនងាយរងគ្រោះ ស្របតាមគោលនយោបាយ និងគោលដៅជាយុទ្ធសាស្រ្តរបបស់រាជរដ្ឋាភិបាល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក វង សូត ក៏បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការយូនីសេហ្វប្រចាំកម្ពុជាដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងជិតស្និទប្រកបដោយលទ្ធផលជាវិជ្ជមាន៕