(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា អាជ្ញាធរហាក់មានការរើសអើងជនជាតិដើមភាគតិច ដែលមាននៅក្នុងមូលដ្ឋានរបស់ក្រចេះ គ្រាដែលនៅមូលដ្ឋានជាក់ស្ដែង តំបន់មួយចំនួនមានមេឃុំជាជនជាតិដើមភាគតិចតែម្ដង។

ការចេញមកច្រានចោលរបស់លោកអភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីមានអង្គការសង្គមស៉ីវិលមួយចំនួន កន្លងទៅបានចោទប្រកាន់មកលើអាជ្ញាធរខេត្តក្រចេះ បានអនុវត្តមិនស្មើភាពគ្នា ឬមានភាពរើសអើងទៅលើជនជាតិដើមភាគតិច។ ផ្ទុយពីការចោទប្រកាន់នេះ លោក វ៉ា ថន បានអះអាងថា ទាំងជនជាតិខ្មែរ និងជនជាតិដើមភាគតិច គឺមានសិទ្ធិស្មើគ្នា ហើយអាជ្ញាធរគ្មានការរើសអើងឡើយ។

លោក វ៉ា ថន បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកមានការលើកឡើងពីអង្គការសង្គមស៉ីវិលជាតិ និងអន្ដរជាតិមួយចំនួន ថាយើង (អាជ្ញាធរ) មិនបានគិតគូរអំពីជនជាតិដើមភាគតិច ប៉ុន្ដែជាក់ស្ដែងគិតគូរណាស់ គឺមានសិទ្ធិស្មើគ្នា។ តំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ មានមេឃុំជាជនជាតិទៀត ប៉ុន្ដែគេមិនមើល។ ជាក់ស្ដែងមេឃុំរលួស មេឃុំស្រែជិះ ប្រហែល៥មេឃុំ ក្នុងនោះក៏មានក្រុមប្រឹក្សាឃុំ»

បន្ថែមពីនេះ អាជ្ញាធរក៏បានចុះបញ្ជីដីធ្លីជូនដល់បងប្អូនជនជាតិដើមភាគតិចដូចប្រជាពលរដ្ឋខ្មែរនោះដែរ។ បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច៩សហគមន៍ ក្នុងនោះបានចេញបណ្ណរួចចំនួន៤ភូមិ មានចំនួន ១៣៤បណ្ណ (ភូមិពន្ធជា និងភូមិអូរកក់ ឃុំអូរគ្រៀង, ភូមិរវៀង និងភូមិត្នោត ឃុំស្រែជិះ) និងបានបញ្ចប់បិទផ្សាយ ចំនួន៥ភូមិ មានចំនួន ៨២ក្បាលដី (ភូមិប៉ាក្លែ និងភូមិស្រែឈូក ឃុំរលួសមានជ័យ, ភូមិកំពង់ដំរី ភូមិឥន្ទជ័យ និងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ)។

សូមជម្រាបថា នៅខេត្តក្រចេះ មានប្រជាជនសរុប ៤៣៨,៦៤១នាក់ ស្រី ២២១,២៧៤នាក់ ស្មើនឹង ១០០,៦៧៧គ្រួសារ ដង់ស៊ីតេប្រជាជន ៤០នាក់ក្នុង១គីឡូម៉ែត្រការេ។ ខេត្តមានជនជាតិដើមភាគតិចរស់នៅចំនួន ៧រួមមាន៖ ភ្នង កួយ ស្ទៀង ខោញ មិល ផ្ទួន និងក្រោល រស់នៅក្នុងស្រុកសំបូរ ស្រុកស្នួល និងស្រុកចិត្របុរី។

ប្រជាពលរដ្ឋជាកសិករចំនួន ៧៩,៦% មន្ត្រីរាជការ ៣,២% ឧស្សាហករ-សិប្បករ ០,៤% ពាណិជ្ជករ ៦,៨% និងជាសេវាករ១០%។ នៅក្នុងឆ្នាំ២០២១ ចំណូលប្រជាពលរដ្ឋម្នាក់ ស្មើនឹង ១.៣២៥ដុល្លារអាមេរិក (GDP)៕