(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានទៅប្រគល់ខ្នងផ្ទះទី២៤៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ម៉ា ហៀង អាយុ៧៣ឆ្នាំ ត្រូវជាម្តាយលោកនាយឯក សូ ខុន ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពយោធាស្រុកបារាយណ៍ខេត្តកំពង់ធំ ហើយបានពលីជីវិតនៅឆ្នាំ១៩៩០ ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកយាយ ម៉ា ហៀង មានកូននៅក្នុងបន្ទុកចំនួន៧នាក់ ដោយគាត់ចាស់ជរាមិនអាចប្រកបរបរអ្វីបានដោយរស់នៅពឹងផ្អែកលើកូនៗ ហើយកូនៗក៏មានជីវភាពខ្វះខាតដែរ ហើយមានជម្រកស្នាក់នៅមិនសមរម្យ បច្ចុប្បន្នរស់នៅភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកនេះ និងដោយអនវត្តន៍តាមបទបញ្ជារបស់ទេសរដ្ឋមន្រ្តី គន់ គីម គណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានចាត់តាំងក្រុមការងារសាងសង់ផ្ទះជូនគាត់នៅពេលនេះដែលជាខ្នងផ្ទះទី២៤៤ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាន សង្គមជាតិ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យប្រទេសជាតិគ្មានអ្នកណាម្នាក់មានជំងឺដោយសារកូវីដ១៩។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ត្រីខចំនួន១យួរ ទឹកត្រី ទឹកស៊ីអ៉ីវចំនួន២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ៕