(វៀតណាម)៖ នៅរាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃបញ្ចប់ដំណើរទស្សនកិច្ច របស់គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា នៅប្រទេសវៀតណាម លោក Mai Anh hong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយតំណាងអោយ រដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម បានរៀបចំពិធីជប់លៀងអបអរសាទរ និងលាគ្នា ហើយក៏បង្កើនភាពស្និទស្នាលរវាងមន្ត្រី និងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរផងដែរ។
ថ្លែងនៅក្នុងពិធីនោះ លោកMai Anh hong បានថ្លែងអំណរគុណដល់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលបានសហការជាមួយភាគីវៀតណាម បញ្ជូនអ្នកសារព័ត៌មានកម្ពុជាមកបំពេញទស្សនកិច្ចផ្លាស់ប្ដូរព័ត៌មាន និងដកស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមក។
ជាការឆ្លើុយតបវិញ លោកហាស់ សំអាត ប្រធានដឹកនាំប្រតិភូអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងលោករដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ដែលបានផ្ដល់ឱកាស និងលទ្ធភាពអោយអ្នកសារព័ត៌មានកម្ពុជា បានមកបំពេញទស្សនកិច្ច ដកស្រង់បទពិសោធន៏ការងារ ពីគ្នាទៅវិញទៅមក។ អ្វីដែលកាន់តែមានមោទនភាពនោះ គឺប្រតិភូអ្នកសារព័ត៌មានកម្ពុជា ត្រូវបានមន្ត្រីក្រសួងព័ត៌មានវៀតណាម នាំទៅទស្សនានៅកន្លែងសំខាន់ៗ និងប្លែកៗ និងជួបអង្គភាពព័ត៌មានជាច្រើនកន្លែង ទាំងនៅភាគខាងត្បូង និងភាគខាងជើងវៀតណាមផងដែរ។ ក្នុងនោះនៅព្រឹកមិញនេះ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ច នៅអង្គភាពព័ត៌មាន កាសែតពលករវៀតណាមផងដែរ។
សូមបញ្ជាក់ថាក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសការខិតខំរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកលី វ៉ាន់ហុង អនុរដ្ឋលេខាធិការ បានបញ្ជូនអ្នកសារព័ត៌មានកម្ពុជា ចំនួន១០រូប មកបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ដោយក្នុងនោះមកពីអង្គភាពរដ្ឋចំនួន៦រូប និងឯកជន៤រូប។ ក្នុងនោះអង្គភាពរដ្ឋរួមមានលោក ហាស់ សំអាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជាប្រធានដឹកនាំ លោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន រួមទាំងមន្ត្រីព័ត៌មានមកពីអង្គភាពផ្សេងៗ៤ទៀត។ ដោយឡែកភ្នាក់ងារ មកពីអង្គភាពព័ត៌មានឯកជន ដែលត្រូវបានក្រសួងព័ត៌មាន អញ្ចើញចូលរួមបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ដែលនោះ រួមមានភ្នាក់ងារមកពីអង្គភាពព័ត៌មានfresh news រស្មីកម្ពុជា ទូរទស្សន៏ហង្សមាស និងទូរទស្សន៏អប្បរា៕