(ភ្នំពេញ)៖ លោកបណ្ឌិត លឹម សេងឌី ជាប្រធានក្រុមបច្ចេកវិទ្យាព័ត៌មាននៃគម្រោង «ការអនុវត្តបាយអូឆាជាមួយបាយអូ-កំប៉ុស្តដោយបច្ចេកវិទ្យាក្នុងស្រុក និងកសិកម្មឆ្លាតលើដំណាំបន្លែនៅកម្ពុជា» បានបង្ហាញពីការអនុវត្តឧបករណ៍ IoT សម្រាប់កសិកម្មឆ្លាតទៅលើដំណាំបន្លែ (ករណីសិក្សាដំណាំខាត់ណាដើម Chinese Kale) ដើម្បីសម្រួលដល់សកម្មភាពកសិកម្ម និងបង្កើនទិន្នផលកសិកម្មរបស់ប្រជាកសិករ។

ការបង្ហាញពីគម្រោងអនុវត្តឧបករណ៍ IoT សម្រាប់កសិកម្មឆ្លាតទៅលើដំណាំបន្លែខាត់ណាដើម របស់លោកបណ្ឌិត ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា បង្ហាញលទ្ធផលលម្អិតនៃគម្រោងស្រាវជ្រាវស្តីពី «ការអនុវត្តបាយអូឆាជាមួយបាយអូ-កំប៉ុស្តដោយបច្ចេកវិទ្យាក្នុងស្រុក និងកសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា» កាលពីថ្មីៗនេះ។ គម្រោងនេះបានចាប់ផ្តើមពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ គាំទ្រថវិកាដោយរាជរដ្ឋាភិបាល តាមរយៈរាជបណ្ឌិត្យ សភាសកម្ពុជា។

លោកបណ្ឌិត លឹម សេងឌី បានឱ្យដឹងថា លទ្ធផល នៃការសិក្សាស្រាវជ្រាវបានបង្ហាញថាការប្រើប្រាស់សេនស័រក្នុងការបញ្ជាដោយស្វ័យប្រវត្តិបានសន្សំសំចៃទឹកប្រើប្រាស់ទឹកតែ ៤.៥ ទៅ៥.៣ លីត្រ/ម៉ែត្រការ៉េ សម្រាប់ដំណាំខាត់ណាដើម។ ទិន្នផលទទួលបាន ពី៣.៥០ ទៅ ៤.០០គីឡូក្រាម/ម៉ែត្រការ៉េ។ រីឯកម្លាំងពលកម្មយើងប្រើប្រាស់ប្រហែលពី១៥ ទៅ២៥% នៃចំនួនការងារសរុបក្នុងរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ។

លោកបណ្ឌិតបានថ្លែងថា ចំពោះសេនស័រទាំងពីរ ទាំងសិនស័រសំណើមដី និងសេនស័រប្រព័ន្ធស្រោចស្រព នៅតែបន្តការសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើគុណភាព និងតម្លៃឱ្យបានសមរម្យ ដើម្បីឱ្យប្រជាកសិករទទួលបាននូវឱកាសកសិកម្មនូបនីយកម្ម ឬ Agr. 4.0 នាពេលអនាគតឆាប់ៗនេះ។

លោកបណ្ឌិត លឹម សេងឌី បានលើកឡើងថា មូលហេតុដែលលោកបណ្ឌិត សិក្សាស្រាវជ្រាវលើប្រធានបទនេះរួមមាន៖

ទី១៖ កម្លាំងពលកម្មកាន់តែខ្វះខាត ហើយមានតម្លៃខ្ពស់
ទី២៖ ជួយសម្រួលដល់សកម្មភាពកសិកម្ម និងបង្កើនទិន្នផលកសិកម្ម
ទី៣៖ បញ្ហាទឹក សម្រាប់ស្រោចស្រពដំណាំគឺជាភាពប្រឈមរបស់កសិករក្នុងការដាំដុះនាពេលបច្ចុប្បន្ន។
និងទិ៤៖ ការសិក្សាស្រាវជ្រាវដោយប្រើប្រាស់ឧបករណ៍សេនស័រសម្រាប់កំណត់ការស្រោចស្រពដំណាំដោយស្វ័យប្រវត្តិ នៅតែមានបញ្ហា។

ក្នុងនាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក សូត្រ សំណាង អគ្គលេខាធិការរង និងជាប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោងស្រាវជ្រាវស្ដីពី «ការអនុវត្តបាយអូឆា ជាមួយបាយអូ-កំប៉ុស ដោយបច្ចេកវិទ្យាក្នុងស្រុក និងកសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា» ដែលបានខិតខំរៀបចំសិក្ខាសាលាបង្ហាញលទ្ធផលដ៏មានអត្ថន័យនិងអត្ថប្រយោជន៍នេះឡើង ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាព និងជាលទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមលទ្ធផលដទៃទៀតជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា។

លោក សូត្រ សំណាងបានលើកឡើងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្មវិស័យកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុលមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលាភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍបែបវិបុលកម្ម ពោលគឺពឹងផ្អែលជាសំខាន់លើធនធានដែលមានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការសិក្សាស្រាជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកំពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈ ពាណិជ្ជកម្ម៕