(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានចូលទៅក្នុងក្រុមហ៊ុនលក់រថយន្តម៉ាក P0RSCHE ដែលមានទីតាំងនៅផ្លូវសហពន្ធ័រុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ ក្រោយពីចង់ទិញរថយន្តតម្លៃប្រមាណ៣០ម៉ឺនដុល្លារ តែតាមការពិតគ្មានលុយឲ្យ ហើយចង់បើករថយន្តចេញពីក្រុមហ៊ុន ក៏ត្រូវថៅកែក្រុមហ៊ុនប្តឹងអាវុធហត្ថ ចុះទៅជួយអន្តរាគមន៍តែម្តង។
មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ជេត ចន្ថន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
មុនពេលកើតហេតុ ជននេះបានចូលទៅសួរទិញឡាន របស់ក្រុមហ៊ុនខាងលើមួយគ្រឿង ក្នុងតម្លៃជិត300000$ ពេលដែលក្រុមហ៊ុន ឲ្យទូទាត់ប្រគល់លុយ បែរជាជននេះថាអត់មានលុយទៅវិញ ប៉ុន្តែជននេះ នូវតែទាមទាយកឡានចេញ ពីក្រុមហ៊ុន ហេីយអង្គុយក្នុងរថយន្តពុំព្រមចុះ។
ថៅកែក្រុមហ៊ុនសង្ស័យថា ជននេះមានសកម្មភាពមិនល្អ ក៏បានបញ្ជាឲ្យសន្តិសុខឃាត់ខ្លួន ហើយរាយការណ៍ប្ដឹងសមត្ថកិច្ច កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍។
សម្រាប់ជនសង្ស័យ ត្រូវបានក្រុមហ៊ុនបានប្រគល់អោយសមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធី៕