(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រតិបត្តិការត្រួតពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្ដសរុបចំនួន១,១២១,១៣៦គ្រឿង ក្នុងនោះម៉ូតូ៧៤ភាគរយ ហើយរកឃើញយានយន្ដល្មើស និងពិន័យ ចំនួន១៤២,៨១៧គ្រឿង (១៤៣,០៥១ករណី)។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងទិសដៅបន្ដ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមយានយន្ដដែលល្មើសច្បាប់ រួមមាន៖

* ទោចក្រយានយន្ត ត្រីចក្រយានយន្តល្មើសចំនួន១១៥,៨០១គ្រឿង (១១៥.៨០១ករណី) ស្មើ៨១% (មិនពាក់មួកសុវត្ថិភាព៩៤% ល្មើសសញ្ញាចរាចរណ៍៤% ទូរស័ព្ទ១% និងគ្មានផ្លាកលេខសម្គាល់១%)

* រថយន្ដល្មើសចំនួន ២៧,០១៦គ្រឿង (ល្មើស២៧,២៥០ករណី) ក្នុងនោះ រថយន្ដធុនធំ៣,៥៩២គ្រឿង (ល្មើស៣,៧០៤ករណី) ស្មើ១៩% ដោយបានល្មើសល្បឿន៤២%, មិនពាក់ខ្សែក្រវាត់ ២៦%, ល្មើសសញ្ញាចរាចរណ៍ ៩%, ប្រើទូរស័ព្ទ ៧%, គ្មានបណ្ណបើកបរ ៧%, គ្មានផ្លាកលេខ ៤%, ដឹកលើសចំណុះ២%, គ្មានឆៀក ២%, គ្មានអាជីវកម្ម ១% និងស្រវឹង១%។

ដោយឡែក សម្រាប់ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២២ បានទឹកប្រាក់ចំនួន ១២,៤៥៤,៥១៥,០០០រៀល (ដប់ពីរពាន់បួនរយហាសិបបួនលាន ប្រាំរយដប់ប្រាំពាន់រៀលគត់) ស្មើប្រមាណជាង៣លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានបន្ថែមទៀតថា ដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុប៨,៥១៣នាក់ (ស្រី ៤៨៩នាក់) ក្នុងនោះ៖ រថយន្តធុនស្រាលចំនួន ៧,៤៧៧គ្រឿង ល្មើស៧,៥៧៩ករណី ដកពិន្ទុ១០,១៦២ពិន្ទុ និងរថយន្តធុនធ្ងន់ចំនួន១,០៣៦គ្រឿង ល្មើស១,១៤៦ករណី ដកពិន្ទុ៦៦៥ពិន្ទុ៕