(ព្រះវិហារ)៖ អភិបាលរងក្រុងព្រះវិហារចំនួន២រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ គឺលោក សាយ ដារ៉ា និងលោក យីម លឹមហ៊ាត។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គឹម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការមួយចំនួនផងដែរ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកស្រី ប៉ាង រ៉ាវី បានណែនាំនូវគោលការណ៍៥ចំណុច ដល់ក្រុមប្រឹក្សាគណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកអភិបាលរងក្រុងទាំង២ រួមសហការគ្នាអនុវត្តដើម្បីភាពជោគជ័យនៅក្រុងព្រះវិហារ។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា ការតែងតាំងមុខតំណែងអភិបាលរងក្រុងព្រះវិហារទាំង២រូបនេះ គឺស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ជាពិសេសគឺការផ្តល់សេវាជូនប្រជាពលរដ្ឋ ការថែរក្សា សន្តិសុខ សណ្តាប់សាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោក ស្រី ប៉ាង រ៉ាវី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន៖ ធានាស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ទទួលបានជោគជ័យនៃការបោះឆ្នោត ទាំងការបោះឆ្នោតសកល និងអសកល សម្រេចបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ជោគជ័យក្នុងការរៀបចំមហាសន្និបាតលើកទី១៦ របស់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក សម្រេចបាននូវការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២ រក្សាការពារបានយ៉ាងគត់មត់នូវ បូរណភាពទឹកដី ខិតខំដាក់ចេញនូវគោលនយោបាយនិងវិធានការនានាដើម្បីធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដំណើរប្រជាធិបតេយ្យ ភាវូបនីយកម្ម និងកំណែទម្រង់នានា។

លោកស្រី ប៉ាងរ៉ាវី ក៏បានណែនាំនូវគោលការណ៍ចំនួន៥ចំណុច ដល់ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តការងារសំខាន់៖

*ត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកាចសាហាវផ្សេងៗ។
*ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ។
*បន្តយកចិត្តទុកដាក់រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់អនាម័យ។
*បន្តជំរុញ និងចូលរួមរាល់ការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យមានវឌ្ឍនភាពតាមផែនការដែលបានកំណត់។
*គណៈអភិបាលក្រុងត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការ ជូនគណៈអភិបាលរបស់ខ្លួន ដែលបានកំណត់ក្នុងសេចក្តីណែនាំ ព្រមទាំងខិតខំពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱបានល្អប្រសើរ។

ដោយឡែកចំពោះលោកអភិបាលរងក្រុងទាំង២រូប ដែលទើបទទួលមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់លើការងារចំនួន៤ចំណុចរួមមាន៖

*ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។
*បន្តរក្សា និងរៀបចំលក្ខណៈសម្បត្តិនានាក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីជាគម្រូដល់មន្ត្រីក្រោមឱវាទ។
*កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញ ដើម្បីជួយការងាររដ្ឋបាលក្រុង ឱ្យកាន់តែល្អប្រសើរថែមទៀត។
*ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងផ្តៃក្នុងឱ្យបានល្អ ទាំងជាមួយក្រុមប្រឹក្សា ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕