(ម៉ូស្គូ)៖ ទីបំផុតប្រធានាធិបតីតួកគីលោក រ៉ាបសិប តាយយីប អឺដូហ្គាន (Recep Tayyip Erdogan) បានបញ្ជូនលិខិតជាផ្លូវការមួយច្បាប់ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដើម្បីសូមអភ័យទោស និងទទួលស្គាល់កំហុសដែលខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ដោយអចេតនា កាលពីប៉ុន្មានខែមុន នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងឲ្យដឹងថា ការផ្ញើសំបុត្រសុំអភ័យទោស របស់រដ្ឋាភិបាលតួកគីនេះ គឺបានបង្ហាញពីភាពត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញ។
ក្រោយពេលរុស្ស៊ី បានចេញសេចក្ដីប្រកាស ពាក់ព័ន្ធនឹងសំបុត្រសុំអភ័យទោសនេះ អ្នកនាំពាក្យរបស់លោក Erdogan បានបញ្ជាក់ និងអះអាងថា ប្រធានាធិបតីតួកគី ពិតជាបានផ្ញើសំបុត្រសុំអភ័យទោសទៅកាន់លោក Putin ពិតមែន ដោយនៅក្នុងសំបុត្រ បានបង្ហាញពីភាពទុក្ខព្រួយយ៉ាងជ្រាលជ្រៅ។
គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំង Su-24 របស់រុស្ស៊ី ត្រូវបានទាហានតួកគីបានបាញ់ទម្លាក់ នៅជិតព្រំដែនប្រទេសស៊ីរី នៅក្នុងប្រតិបត្តិការកម្ទេចក្រុម ISIS តាមដែនអាកាស ដោយក្នុងនោះទាហានតួកគី បានអះអាងថា យន្តហោះរុស្ស៊ី បានរំលោភលើដែនអាកាស៕