(ភ្នំពេញ)៖ សារមន្ទីរជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការសិក្សាស្រាវជ្រាវស្វែងរកប្រភពដើម និងភស្តុតាងនៃវត្ថុដែលបានបាត់បង់ និងការប្រគល់វត្ថុសិល្បៈត្រឡប់មកប្រទេសដើមវិញ» រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា វគ្គនេះទទួលបានការបណ្តុះបណ្តាលដោយ លោកស្រី Louise Tythacott សាស្ត្រាចារ្យផ្នែករៀបចំពិព័រណ៍ និងសារមន្ទីរវិទ្យា មកពីវិទ្យាស្ថានសិក្សាអំពីអាស៉ី និងអាហ្រ្វិក នៃសកលវិទ្យាល័យឡុងដ៍ ចក្រភពអង់គ្លេស ដោយមានការចូលរួមពីមន្ដ្រីនិងបុគ្គលិកនៃសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែង ចំនួន ១៤រូប។

ខ្លឹមសារសិក្ខាសាលានេះផ្តោតទៅលើ គោលបំណង សារៈសំខាន់នៃវិធីសាស្ត្រក្នុងការសិក្សាស្វែងរកប្រភពដើម និងភស្តុតាងក្នុងការទាមទារវត្ថុសិល្បៈដែលបានបាត់បង់ រួមជាមួយទិដ្ឋភាពទូទៅនៃការរៀបចំដាក់តាំងវត្ថុសិល្បៈដែលបានបញ្ជូនត្រឡប់មកប្រទេសដើមវិញនៅតាមសារមន្ទីរនានា។

លើសពីនេះទៀត អ្នកចូលរួមវគ្គនេះក៏បានជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាលើវិធីសាស្រ្តក្នុងការសរសេរ រៀបចំផ្ទាំងព័ត៌មាន ការធ្វើគម្រោងផែនការនៃការរៀបចំពិព័រណ៍នានានៅក្នុងសារមន្ទីរជាដើម៕