(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាការចរស៊ីវិល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានផ្ដាំផ្ញើដល់ប្អូនៗសិស្ស-និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យមានជំនាញសមត្ថភាពពិតប្រាកដ ដើម្បីឲ្យក្លាយទៅជាធនធានមនុស្សបន្ដវេន។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រលើកទី២៨ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាជាន់ខ្ពស់ នៅសាកលវិល័យអន្ដរជាតិ (IU) នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

បន្ថែមពីនោះទៀត បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានប្រាប់ដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវចេះយកចំណេះដឹង ជំនាញរបស់ខ្លួន ដែលទទួលបានពីការសិក្សា​ អស់រយៈពេលកន្លងមកនេះ ទៅចូលរួមបម្រើ នៅសង្គមរបស់យើង ដើម្បីឲ្យសង្គមរបស់យើង មានការអភិវឌ្ឍរីកចម្រើន លឿនដូចទៅនឹងបណ្តាប្រទេសអភិវឌ្ឍន៍ នៅលើពិភពលោក។

បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជំរុញឲ្យប្អូនៗនិស្សិត បន្តស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ថ្មីៗ ពីបណ្តាព័ត៌មាននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដើម្បីបង្កើននូវសមត្ថភាព ការយល់ដឹង និងដើរទាន់សភាពការណ៍ នៅក្នុងបរិបទសង្គមនវានុវត្តន៍ និងត្រូវចងចាំថា ការសិក្សារៀនសូត្ររបស់មនុស្សយើងគឺ «រៀនហើយរៀនទៀត រៀនពេញមួយជីវិត»

បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានប្រាប់ឲ្យត្រូវចេះផ្តល់ភាពជាគម្រូ ដល់យុវជនជំនាន់ក្រោយ, ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាគ្រូពេទ្យ ឬវិជ្ជាជីវៈផ្សេងៗ, ត្រូវចេះស្វែងយល់ពីទីផ្សារការងារ មិនត្រូវងាប់ក្រឡាផ្ដោតតែ១ៗ, ត្រូវមានសុទិដ្ឋិនិយម ចំពោះសង្គមជាតិខ្លួន កុំមានគំនិតអគតិទៅលើសង្គមជាតិខ្លួនឯង, ត្រូវរួមគ្នារក្សាសុខសន្តិភាព មានតែសន្តិភាពទេ ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានផ្ដាំផ្ញើដល់ប្អូនៗ សិស្ស-និស្សិត ដែលមិនទាន់ទទួលបានលទ្ធផល ឬបញ្ចប់ដោយជោគជ័យ សូមកុំទាន់អស់សង្ឃឹម ឬតូចចិត្តអ្វី ត្រូវតាំងចិត្ត និងខំប្រឹងសិក្សាឡើងវិញ សិក្សាបន្ថែមទៀត ព្រោះគេមិនទាន់បញ្ចប់ ឬបញ្ឈប់មិនឲ្យប្អូនៗរៀន ទៀតនោះទេ ហើយត្រូវសិក្សាខ្លួនឯងឡើងវិញ។

សាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តជាតិ បានឲ្យដឹងថា ដើម្បីលើកកំពស់គុណភាពអប់រំ សាកលវិទ្យាល័យ អន្តរជាតិ បានខិតខំធ្វើកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណ្ឌជាតិអន្តរជាតិ និងដៃគូអភិវឌ្ឍជាច្រើន រួមមាន៖

* ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ,ក្រសួងព័ត៌មាន, ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ, រាជបណ្ឌិតសភាកម្ពុជា, ធនាគាពិភពលោក, EU និងស្ថានទូតមួយចំនួនដូចជា៖ ស្ថានទូតឥណ្ឌា ស្ថានទូតជប៉ុន ស្ថានទូតកូរ៉េ -ល-។

អត្រានិស្សិតសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន រួមមាន៖ និស្សិតកំពុងសិក្សាចំនួន ៣៩៣៥នាក់ ស្រី២១៤៤នាក់ និងនិស្សិតបញ្ចប់ការសិក្សា ចំនួន១២០៨៣នាក់ ស្រី ៤៤០២នាក់។

និស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ត្រូវបានទីផ្សារការងារទទួលយក ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន សម្រាប់និស្សិតមានការងារមានចំនួន ៧៦ភាគរយ និងនិស្សតិប្រកបមុខរបរខ្លួនឯងមានចំនួន ២៤ភាគរយ និងនិស្សិតដែលធ្វើការត្រូវជំនាញ មានចំនួន៨៦ភាគរយ និងមិនត្រូវជំនាញ ១៤ភាគរយ។

សាកលវិទ្យាល័យ អន្តជាតិ បានផ្តល់អាហារូបករណ៍ ជូនសម្តេចអគ្គមហាសេនាបតី តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់តាំងពីសាកលវិទ្យាល័យ អន្តជាតិ ដំណើរការបណ្តុះបណ្តាល មកទាំងក្នុងវិស័យសុខាភិបាល ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងក្រៅពីវិស័យសុខា ភិបាល សរុបចំនួនមានចំនួន ៤៤៩ នាក់ ស្រីចំនួន ២១២នាក់៕