(កណ្ដាល)៖ សង្ស័យមានជម្លោះក្នុងវង់ផឹកស៊ីមួយបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រហូតមានការផ្ទុះអាវុធ៨គ្រាប់ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេរីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅដល់ទីតាំងភ្លាមៗតែម្ដង ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការស្វែងរកចាប់ខ្លួនជនបង្ក។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា កម្លាំងនគរបាលជំនាញកំពុងតែស្វែងរកចាប់មុខសញ្ញា ដោយកំពុងវិភាគតាមរយៈវីដេអូ ដែលថតបាន ហើយជនសង្ស័យក៏ត្រូវបានស្គាល់មុខផងដែរ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «រឿងរ៉ាវទាំងនេះមិនទាន់ដឹងច្បាស់ហេតុថា ឈ្លោះគ្នាអំពីអ្វីនោះឡើយ តែគ្រាន់តែដឹងថា ទាំងភាគីជនរងគ្រោះ ទាំងភាគីជនសង្ស័យ សុទ្ធតែជាជើងខ្លាំងដូចគ្នា ផឹកស៊ីមានជម្លោះ ម្នាក់មានកាំភ្លើងបាញ់ផ្អើលជាការគំរាមដល់ភាគីមកខាងទៀត ក៏ប៉ុន្តែមិនមានរបួសនរណាម្នាក់ឡើយ»

លោកឧត្តមសនីយ៍ទោស្នងការ អះអាងថា នៅពេលនេះ សមត្ថកិច្ចបានដឹងមុខសញ្ញា ហើយក៏កំពុងតែប្រមូលភស្តុតាង និងសាកសួរសាក្សីព្រមទាំងធ្វើការងារម៉ត់ចត់លើរឿងនេះ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនបង្ក យកទៅផ្ដន្ទាទោសតាមច្បាប់៕