(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករ បើគណបក្ស ឈានទៅឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។

គោលនយោបាយនេះ ត្រូវបានដាក់ចេញក្នុងមហាសន្និបាតវិសាមញ្ញ របស់បក្សពីរថ្ងៃកន្លងទៅ។ នេះ គឺជាគោលនយោបាយដ៏ថ្មីសន្លាងមួយ របស់បក្ស ហើយគោលនយោបាយនេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យ កសិកម្ម។

បើតាមលោក សួស យ៉ារ៉ា អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងមហាសន្និបាតដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រយៈពេលពីរថ្ងៃកន្លងទៅនេះ គណបក្សក៏បានជជែក និងពិភាក្សាផ្តោតជាសំខាន់ទៅលើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយនៅកម្ពុជា។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានកំណត់ប្រែក្លាយវិស័យកសិកម្ម ពីការធ្វើដើម្បីបំពេញការហូបចុករបស់ ប្រជាពលរដ្ឋ ទៅជាការធ្វើកសិកម្ម ដើម្បីពាណិជ្ជកម្ម។

តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាល នឹងប្រើប្រាស់ធនធានមនុស្សដែលជាអ្នកមានចំណេះជំនាញផ្នែកកសិកម្ម។ លោក ខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា បានគូសរំលេចថា ក្នុងអាណត្តិទី៧ អ្នករៀនជំនាញកសិកម្មនឹងមានទីផ្សារការងារខ្ពស់។

គោលនយោបាយនេះ ត្រូវបានគេមើលឃើញថា នឹងជួយឱ្យវិស័យកសិកម្មកាន់តែល្អប្រសើរ ហើយក៏នឹងជួយឱ្យជីវភាពកសិករកាន់តែប្រសើរផងដែរ៕