(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា ខ្លួននឹងនៅតែបន្តឈ្នះ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ដោយសារខ្លួនមានសមិទ្ធផល និងកម្មវិធីនយោបាយស្របតាមតម្រូវការជាតិ និងប្រជាជន។

ថ្លែងក្នុងសន្នសីទសាព័ត៌មានបង្ហាញពីលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា៖ «វាតែងមានសង្ឃឹម បើមិនមានសង្ឃឹមគេមិនដាក់ពាក្យទៅ គ.ជ.ប ដើម្បីប្រកួតប្រជែងទេ តែដោយឡែកសម្រាប់គណបក្សប្រជាជនមានសង្ឃឹមខ្ពស់មែនទែន ដោយសារគណបក្សប្រជាជនកម្ពុជា មានកម្មវិធីនយោបាយស្របទៅតាមតម្រូវការ ក៏ដូចសំណូមពររបស់ប្រទេសជាតិ និងតម្រូវការប្រជាជនទូទាំងប្រទេស»

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានវ័យចំណាស់ជាងគេមួយនៅកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលរយៈពេល៦ អាណត្តិមកហើយ។ ជាមួយនឹងគុណសម្បត្តិដ៏ធំធេងក្នុងការរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងស្ដារសេដ្ឋកិច្ចសង្គមជាតិពីបាតដៃទទេ គណបក្សនេះបានបន្តឈ្នះនៅក្នុងការបោះឆ្នោតជាតិជ្រើសកាន់តំណាងរាស្ត្រអាណត្តិទី៦ ដោយគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា។ ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំមុន ក៏គណបក្សនេះបានឈ្នះភ្លូកទឹកភ្លូកដី ដោយទទួលបានអាសនៈជាង៩ពាន់ និងគ្រប់គ្រងឃុំសង្កាត់ ១៦៤៨ ក្នុងចំណោម១៦៥២ ឃុំសង្កាត់ នៅទូទាំងប្រទេស។

ត្រង់ចំណុចនេះ លោក សុខ ឥសាន្ត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានស្នាដៃច្រើនណាស់ដែលស្របទៅតាមប្រទេសជាតិ និងប្រជាជន។ លោកថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនមានគុណសម្បត្តិ ស្របទៅតាមបំណងប្រាថ្នារបស់ជាតិ និងប្រជាជនមិនអាចឈរជើងរាប់ឆ្នាំបានទេ។

លោក សុខ ឥសាន្ត បានបន្ថែមថា ក៏បានលើកឡើងពីគុណសម្បត្តិជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការដាក់ចេញនយោយាបាយឈ្នះ-ឈ្នះ ដែលនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឆ្នាំ១៩៩១។

បន្ថែមពីនេះ លោក សុខ ឥសាន្ត បានបញ្ជាក់ថា ក្រោយពេលដែលប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតនីតិកាលទី១ ហើយ ដោយបង្កើតបានរដ្ឋាភិបាលហើយ ប៉ុន្តែកម្ពុជាមិនទាន់បានទទួលបានសុខសន្តិភាពពេញលេញនោះទេ ដូច្នេះបានជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហមបានរលាយតាំងស្រុង៕