(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ។ ជាមួយនឹងការបិទបញ្ចប់នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន និងប្រកាសអំពីសេចក្តីសម្រេចចិត្ត១១ចំណុចផងដែរ។

មហាសន្និបាតវិសាមញ្ញរយៈពេល២ថ្ងៃរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ ការប្រមូលធាតុចូលពីតំណាងចាប់ពីថ្នាក់ស្រុក ដល់ថ្នាក់កំពូល ដើម្បីអនុម័តកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាដើម។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច បានដំណើរការនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។

តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល, មន្ត្រីគណបក្សជាសមាជិក សមាជិកាន រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៨ រូប៕