(ភ្នំពេញ)៖ សិស្សឆ្នើមសាលាអន្តរជាតិ ZAMAN ចំនួន ១៧រូប បានដណ្តើមមេដាយមាស ប្រាក់ និង សំរិទ្ធចំនួន ១៧គ្រឿង ពីការប្រកួត ប្រជែងប្រកួតប្រជែង GENIUS OLYMPIAD ដែលបានរៀបចំដោយសាកលវិទ្យាល័យរដ្ឋ នៃទីក្រុងញូវយ៉ក នៅអូស្វេហ្គូ សហរដ្ឋអាមេរិក។ កុលបុត្រឆ្នើមរបស់កម្ពុជាទាំង ១៧រូប បានស្ពាយមេដាយ ដែលជាកិត្តិយសសម្រាប់ប្រជាជាតិកម្ពុជា ពីទឹកដីអាមេរិក ត្រឡប់មកដល់ប្រ ទេសកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ជាមួយនិងភាពសប្បាយរីករាយប្រកបដោយមោទនភាពក្នុងនាមជាកូន ខ្មែរគ្រប់ៗគ្នា។
នៅខែមិថុនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិហ្សាម៉ាន់ បានបញ្ជូនសិស្សរបស់ខ្លួន ដែលសុទ្ធជាកុលបុត្រខ្មែរ តំណាងឲ្យប្រទេសកម្ពុជា ទៅ ចូលរួមប្រកួតប្រជែង GENIUS OLYMPIAD នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សិស្សទាំង ២៣រូបនេះ ប្រកួតប្រជែងទៅលើវិញ្ញាសាទូ ទៅធំៗចំនួន៥ ដែលផ្តោតទៅលើបរិស្ថានដូចជា វិទ្យាសាស្ត្រ រូបភាព និង សិល្បៈសម្តែង ពាណិជ្ជកម្ម ការសរសេរ និង ការគូរប្លង់ប្រកប ដោយភាពច្នៃប្រឌិត។
ជាលទ្ធផល នៃការប្រកួតប្រជែងលើគម្រោងចំនួន៤៩៥ មានការចូលរួមពីសិស្សានុសិស្ស និងអ្នកត្រួតពិនិត្យប្រហែលជា ៨៥០នាក់ មកពី ៦៥ប្រទេស និងទាំង ៤០រដ្ឋ របស់សហរដ្ឋអាមេរិកនោះ សិស្សរបស់កម្ពុជា ១៧នាក់ ដែលមានគម្រោងចំនួន៩ បានឈ្នះមេដាយដូចជា មាសចំនួន ៣គ្រឿង ប្រាក់ចំនួន ៤គ្រឿង និងសំរិទ្ធចំនួន ១០គ្រឿង។
សិស្សទាំង ១៧រូប ដែលទទួលដណ្តើមបានមេដាយជូនជាតិមាតុភូមិនេះ៖ ឡោ មីឡាន អាន ពេជ្រសុវណ្ណធីតា គឹម ចន្ទជូហាន់ (មេដាយ មាស), ឌី គឹមហួ លឹម ស៊ុនលី ហេង វិមានរចនា នី សុខគៀង (មេដាយប្រាក់), ម៉ារ៉ា ដាល្យា លាង ភួងសម្ផស្ស ឌៀង សុខឃាង ប៉ូច រ័ត្ន វិចិត្រ គួ វួចលីន លឹម សៀកផេង សែ សុធីតា ម៉ិច សុភ័គសូនីតា ទុយ ពេជ្រវីដា ញឹម ខេមរារូហ្សា (មេដាយសំរិទ្ធ)។
កុលបុត្រ កុលធីតាខ្មែរ ដែលទទួលបានមេដាយនេះ ជាមួយនិងការវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ សុទ្ធតែបានបង្ហាញក្តីរំភើបរីករាយ និងចាត់ទុកសមិទ្ធផលដែលពួកគេទទួលបាន គឺជាកិត្តិយស និងជាស្នាដៃដ៏ថ្លៃថ្លាមួយ ដែលពួកគេបានធ្វើសម្រាប់ប្រទេសកម្ពុជា ដែលជា មាតុភូមិ និងជាកន្លែងផ្តល់កំណើតដល់ពួកគេ។ ក្រុមជយលាភី បានថ្លែងជាមួយទឹកមុខញញឹមញញែមថា នៅកន្លែងប្រកួតនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពួកគេបានកាន់មេដាយ និងនិយាយទៅកាន់អ្នកចូលរួមប្រកួតដទៃទៀតថា «ខ្ញុំជាពលរដ្ឋកម្ពុជា មកពីកម្ពុជា»។
ជយលាភីទាំងអស់នេះ បន្តថា ពួកគេពិតជារំភើប និងមោទនាភាព នៅពេលបាននិយាយប្រាប់ទៅបណ្តាជនជាតិដទៃថា ពួកគេជាពលរដ្ឋ កម្ពុជា ព្រោះពួកគេចង់បង្ហាញប្រាប់ទៅជាតិសាស្រ្តដទៃកូនខ្មែរ ពលរដ្ឋខ្មែរ ក៏មានសមត្ថភាពច្នៃប្រឌិត និងផលិតអ្វីៗបាន មិនចាញ់ជាតិ សាស្រ្ត ក្នុងប្រទេសមានការអភិវឌ្ឍជឿនលឿននោះឡើយ។
សូមបញ្ជាក់ថា GENIUS OLYMPIAD ឆ្នាំ២០១៦នេះ បានរៀបចំឡើងជាវិញ្ញាសាទូទៅចំនួន៥ ដែលផ្តោតទៅលើបរិស្ថានដូចជា វិទ្យាសាស្ត្រ រូបភាព និងសិល្បៈសម្តែង ពាណិជ្ជកម្ម ការសរសេរ និង ការគូរប្លង់ប្រកបដោយភាពច្នៃប្រឌិត។ ពាក្យ GENIUS ជាពាក្យ កាត់មកពី Global Environment Issue and Us។
GENIUS OLYMPIAD ឆ្នាំ២០១៦ បានជ្រើសរើសគម្រោងចំនួន៤៩៥ ចេញពីគម្រោងដែលបានដាក់ពាក្យចំនួន ១២៥៩ និង មាន ការចូលរួមពីសិស្សានុសិស្ស និងអ្នកត្រួតពិនិត្យចំនួនប្រហែលជា ៨៥០នាក់ ដែលមកពី ៦៥ប្រទេស និងទាំង ៤០រដ្ឋ របស់សហរដ្ឋ អាមេរិក។
សាលាអន្តរជាតិហ្សាម៉ាន់ តែងបានបញ្ជូនសិស្សរបស់ខ្លួនទៅចូលរួមការប្រកួតប្រជែងនេះ ជារៀងរាល់ឆ្នាំ ហើយក៏តែងទទួលបានមេដាយជា រៀងរាល់ឆ្នាំផងដែរ ដែលជាការបង្ហាញឲ្យឃើញថា កុលបុត្រ កុលធីតា មានសមត្ថភាពមិនចាញ់ជាតិសាសន៍ដទៃនោះឡើយ៕