(ក្រចេះ)៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានអញ្ជើញប្រជានេសាទជនជាតិវៀតណាម ចំនួន០៦នាក់តំណាងឱ្យ៦គ្រួសារ ដើម្បីរុះរើផ្ទះផែបណ្តែតទឹក និងបែរចិញ្ចឹមត្រីចេញពីក្នុងតំបន់គ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតកាំពី សក្តិភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ប្រធានក្រុមប្រឹក្សាឃុំថ្មគ្រែ នគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទថ្មគ្រែ ស្រុកចិត្របុរី បានអញ្ជើញប្រជានេសាទជនជាតិរៀតណាមទាំង០៦គ្រួសារ រស់ក្នុងទន្លេ ស្ថិតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលជាម្ចាស់ផ្ទះផែបណ្តែតទឹក និងបែរចិញ្ចឹមត្រីក្នុងតំបន់គ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតកាំពី មកសាលាឃុំ ទទួលការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យរុះរើផ្ទះផែបណ្តែតទឹកនេះចេញជាបន្ទាន់។

យោងតាមរបាយការណ៍របស់ខណ្ឌជលផលក្រចេះ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានណែនាំរបស់សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ខណៈពេលនោះក្រុម ប្រជានេសាទទាំងនោះ បានស្នើសុំដល់សមត្ថកិច្ច និងអាជ្ញាធរ សុំទុពេលឱ្យពួកគាត់រយៈពេល៣ខែ ដើម្បីអោយពួកគាត់ស្វែងរកទីតាំងថ្មីរស់នៅ និងបំប៉នត្រីចិញ្ចឹមឱ្យធំបន្តិចទើបអាចលក់បាន។

ការស្នើសុំរបសក្រុមប្រជានេសាទជនជាតិវៀតណាម ត្រូវបានក្រុមការងារ មិនឯកភាពឡើយ គឺទុករយៈពេលឲ្យត្រឹមតែ១ខែប៉ុណ្ណោះ ដើម្បីឱ្យប្រជានេសាទទាំងនោះរុះរើផ្ទះផែបណ្តែតទឹក និងបែរចិញ្ចឹមត្រីចេញឱ្យអស់ពីទីតាំងរស់នៅបច្ចុប្បន្ន គឺកំណត់ឱ្យរុះរើចេញយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣៕