(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលនឹងអន្តរាគមន៍ជួយដល់វិស័យសំណង់ ដើម្បីបញ្ចៀសហានិភ័យនៃវិស័យនេះកុំឱ្យធ្លាក់ចូលក្នុងភាពគ្រោះថ្នាក់ ឬដួលរលំ ខណៈវិស័យនេះបានចូលរួមចំណែក១០%នៃផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា ប្រហែលនឹងវិស័យកាត់ដេរ និងទេសចរណ៍​។

ការចេញអន្តរាគមន៍ជួយដល់វិស័យសំណង់នាពេលខាងមុខនេះ ដោយមន្ត្រីជាន់រូបនេះសង្កេតឃើញ​ថា ​ក្នុងឆ្នាំ២០២៣នេះ វិស័យសំណង់នឹងបញ្ហាមួយចំនួន ជាពិសេសបញ្ហាកង្វះឥណទានសម្រាប់វិស័យ​នេះ ​ស្របពេលដែលអត្រាការប្រាក់កំពុងកើនឡើង។

ថ្លែង​ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកវង្សី វិស្សុត បញ្ជាក់បន្ថែមថា ​«បញ្ហារបស់យើង គឺបញ្ហាអចលនទ្រព្យ និងសំណង់អាចនឹងមានបញ្ហាកង្វះឥណទាន ជាជម្រើសយើងមិនអាចឱ្យវិស័យនេះដួលបានទេ ព្រោះជាចន្ទល់សេដ្ឋកិច្ចមួយធំណាស់ សំណង់មានចំណែកក្នុង GDP ១០% សព្វថ្ងៃ វិស័យកាត់ដេរចូលរួមចំណែក១០% ទេសចរណ៍ប្រហែល១០% ស្រូវ៧% វិស័យកម្មន្តសាលក៏ ១០%ដែរ»

លោកបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់ ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ប្រមាណ ២០%​ប៉ុណ្ណោះ ដែលមានធនធានអាចរស់នៅដោយខ្លួនឯងបាន ក្រៅពីនេះ គឺពឹងលើប្រព័ន្ធធនាគារ និងលំហូរទុនមកពីអ្នកទិញអចលនទ្រព្យ ដែលបញ្ហានេះទាមទារឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា។

លោកមានប្រសាសន៍ថា ស្ថាប័នរដ្ឋចំនួនបី គឺនិយ័តករអចលនទ្រព្យ ធនាគារជាតិនៃកម្ពុជា និងអគ្គនាយកពន្ធដារ នឹងពិភាក្សាគ្នា ជាមួយសមាគមអភិវឌ្ឍន៍លំនៅដ្ឋាន និងអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍រក​រូបមន្ត ដើម្បីដោះស្រាយបញ្ហានេះ។

លោកអះអាងយ៉ាងដូច្នេះថា «ពេលនេះជាឆន្ទៈ និងជាគោលដៅ យើងត្រូវតែរៀបចំហើយ ហើយមានអ្នកពាក់ព័ន្ធច្រើន អាចមានធនាគារជាតិ អាចមានក្រសួងហិរញ្ញវត្ថុ ពន្ធដារ និងម្ចាស់អភិវឌ្ឍអចលទ្រព្យខ្លួនឯង។ យើងមានហើយកន្លែងដែលត្រូវដោះស្រាយ ដើម្បីកុំឱ្យហានិភ័យនេះ រីកដាលទៅដល់ជាគ្រោះថ្នាក់​។ ​ឥលូវនេះ គឺជាការចាំបាច់នៅថ្ងៃមុខ គឺយើងត្រូវអង្គុយដោះស្រាយជាមួយគ្នា ដើម្បីជជែកគ្នារករូបមន្តដោះស្រាយបញ្ហាទាំងអស់នេះ»។

យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២៣ វិស័យសំណង់ត្រូវបានរំពឹងថា នឹងបន្តកំណើនទាបជាងនិន្នាការធម្មតាដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃលំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែក្នុងកម្រិតទាប៕