(សៀមរាប)៖ លោកឧត្តមសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសព្រហ្មទណ្ឌដែលកើតមាននៅក្នុងខេត្តសៀមរាប មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្ក្រាបបានក្រុមចោរដែលធ្វើការយ៉ាងសកម្មក្នុងក្រុងសៀមរាប នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្នុងនោះដែរ សមត្ថកិច្ចឃាត់បានមនុស្សចំនួន០៨នាក់ រឹបអូសម៉ូតូបានចំនួន០៦គ្រឿង ទូរស័ព្ទ០៣គ្រឿង និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។

លោកឧត្តមសេនីយត្រី ភឹង ចិន្តារ៉េត បានលើកឡើងថា ខេត្តសៀមរាបជាខេត្តមួយដែលមានប្រជាពលរដ្ឋចតរថយន្តនៅតាមដងផ្លូវ មុខផ្ទះសំណាក់ ភោជនីយដ្ឋាន និងសណ្ឋាគារ ហើយក៏មិនដែលមានចោលួចរថយន្តនៅក្នុងខេត្តសៀមរាបនោះទេ។ ដោយឡែក ចំពោះកង់ និងម៉ូតូរបស់ប្រជាពលរដ្ឋដែលទុក ក៏មិនដែលមានចោលួចនោះដែរ តែប្រសិនបើមាននោះ គឺក៏តិចតួចបំផុត ហើយចំពោះករណីលួច ឆក់ ពីមួយខែទៅមួយខែក៏មិនដែលមានផងដែរ។

លោកបញ្ជាក់ថា បទល្មើសនៅក្នុងខេត្តសៀមរាបមានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុនៗ ហើយបទល្មើសបច្ចុប្បន្ននេះ ក៏មានការខុសប្លែកពីមុខផងដែរ។ លោកលើកឡើងថា ពីមុនប្រសិនបើមានបទល្មើស គឺភាគច្រើនវាយនឹងដំបង ញញួរ និងកាំបិតជាដើម។ រីឯបច្ចុប្បន្ននេះវិញ បទល្មើសភាគច្រើន គឺកើតចេញពីធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ ដែលចតម៉ូតូចោលនៅខាងមុខផ្ទះ ដោយមិនមានការប្រុងប្រយ័ត្ន ហើយពលរដ្ឋខ្លះទុកសោនៅនឹងម៉ូតូ ដែលធ្វើឲ្យមានការងាយស្រួលដល់ជនខិលខូច។ តួយ៉ាងដូចជា ករណីដែលឃាត់បាននាពេលនេះ ភាគច្រើន គឺជាការធ្វេសប្រហែសម្ចាស់ជាដើម។

ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមការពារថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ ហើយបើមានផ្ទះ ឬខ្ទមចាំដីចំការ ផ្ទះនៅក្នុងទីប្រជុំជនក៏ដោយ ប្រសិនបើមិនបាននៅ សូមរាយការណ៍ទៅសមត្ថកិច្ចដែលជិតបំផុត ដើម្បីឲ្យសមត្ថកិច្ចចាត់ចែងកម្លាំងទៅឃ្លាំមើល និងការពារជូន ព្រោះអីឡូវនេះ មានប្រជាការពារដែលពួកគាត់មិនមានប្រាក់ខែនោះទេ តែពួកគាត់ស្ម័គ្រចិត្តការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យទៅលើជនណាមួយ សូមឲ្យរាយការណ៍ជាបន្ទាន់ ហើយសមត្ថកិច្ចមិនបង្ហាញថា គាត់ជាអ្នកផ្តល់ព័ត៌មានដែលធ្វើឲ្យមានការគ្រោះថ្នាក់ដល់គាត់នោះឡើយ។

លោកក៏បានបញ្ជាក់ដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រឌិតរឿងភូតកុហកសមត្ថកិច្ច បង្កើតជាបទល្មើស ដោយចាប់ពីពេលនេះតទៅ ប្រសិនបើមាននឹងអនុវត្តតាមនីតិវិធីច្បាប់ដែលបានចែង ព្រោះកន្លងមកមានករណីបែបនេះកើតឡើងជាង១០ករណីរួចមកហើយ ប៉ុន្តែសមត្ថកិច្ចបាមហៅមកអប់រំ ណែនាំនឹងឲ្យត្រឡប់ទៅផ្ទះវិញ ដោយយល់ថា ពលរដ្ឋក្រីក្រហើយទើបប្រឌិតរឿងនោះឡើង។

សូមបញ្ជាក់ថា ចំពោះម៉ូតូទាំង០៦គ្រឿងដែលសមត្ថកិច្ចបានរឹបអូស និងបានស្រាវជ្រាវរកឃើញម្ចាស់អស់ហើយដែរ។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ក៏បានប្រគល់ម៉ូតូជូនម្ចាស់វិញ។ ចំណែកជនសង្ស័យទាំង៨នាក់ ការិយាល័យជំនាញនឹងចាត់ការបន្តតាមនីតិវិធីច្បាប់៕